ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា អាការៈរបស់បុរសជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វា មានស្ថានភាពធម្មតា ខណៈអ្នកពាក់ព័ន្ធនឹងបុរសនោះចំនួន ៥នាក់ ក៏មិនមានអាការៈអ្វីប្រែប្រួលនោះដែរ ។
យោងតាមសារសំឡេងរបស់លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានមានប្រសាសន៍ថា អ្នកជំងឺអុតស្វានោះ កំពុងទទួលបាននូវការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ចំណែកអ្នកដែលមានការពាក់ព័ន្ធចំនួន៥នាក់នោះ ត្រូវបានដាក់ឲ្យសម្រាកដាច់ដោយឡែក នៅតាមផ្ទះរៀងៗខ្លួន ហើយពួកគាត់ក៏មានបញ្ហាសុខភាពណាមួយកើតឡើង ឬក៏រោគសញ្ញាជំងឺអុតស្វានោះដែរ ជារួមទាំងអ្នកជំងឺ និងអ្នកពាក់ព័ន្ធ គឺពួកគាត់មានសុខភាពល្អធម្មតា មិនមានអ្វីប្រែប្រួល ឬឈានទៅរកសភាពធ្ងន់ធ្ងរនោះដែរ។
លោកជំទាវបន្តថា ចំពោះវិធានការបន្ដក្រោយបុរសជនជាតិនីហ្សេរីយ៉ា ជាសះស្បើយអំពីជំងឺអុតស្វា មិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលអាស្រ័យចំណាត់ការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ជំងឺអុតស្វា មិនឆ្លងដូចជំងឺកូវីដ-១៩នោះទេ ពោលទាល់តែបុគ្គលនោះបានប៉ះពាល់ផ្ទាល់ជាមួយសិរីរាង្គកាយអ្នកជំងឺ ឬប៉ះពាល់នៅមុខរបួសលើដងផ្លូវរបស់អ្នកជំងឺ ឬវត្ថុរាវរបស់អ្នកជំងឺ ឬប៉ះពាល់នូវរបស់ប្រើប្រាស់របស់អ្នកជំងឺអុតស្វា ។
គួរបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា ដែលបានធ្វើដំណើរមកពីប្រទេសថៃ ហើយមានជំងឺអុតស្វា ត្រូវបានសមត្ថកិច្ចកម្ពុជា រកឃើញនៅចំណុចផ្ទះសំណាក់ពណ៌មាស ក្បែររង្វង់មូលផ្សារដើមថ្កូវ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន នៅពេលយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ៕ អត្ថបទ ៖ សុខរិទ្ធ