បាត់ដំបង៖ ព្រះវិហារវត្តសំរោងក្នុងអាយុកាលជាង១០០ឆ្នាំ ក្នុងខេត្តបាត់ដំបង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងធ្វើការជួសជុលឡើងវិញ ដើម្បីអភិរក្សន៍ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង បានឱ្យដឹងថា ព្រះវិហារ វ័យចំណាស់មួយនេះ បានចាប់ផ្ដើមដំណើរការជួសជុលចាប់ពីចុងខែមេសា ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំនេះ ដែលមកដល់ពេលនេះ ដំណើរការជួសជុលសម្រេចបានប្រមាណ ៣៥ភាគរយ។
លោក គឹម សោភ័ណ បានឱ្យដឹងបន្ថែមថា វត្តសំរោងក្នុង ជាអតីតគុកសម្រាប់ដាក់អ្នកទោសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ពួកខ្មែរក្រហម បានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។ ហេតុដូច្នេះហើយ វត្ដសំរោងក្នុងបានក្លាយជាទីកន្លែង ដែលមានសក្ដានុពលទេសចរណ៍។
វត្តសំរោងក្នុង គឺជាវត្តមួយដែលមានអាយុកាលចាស់ជាងគេក្នុងខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ស្របតាមមដងស្ទឹងសង្កែត្រើយខាងកើត តាមដងផ្លូវក្រាលកៅស៊ូ១ខ្សែ មានចម្ងាយជាង៥គីឡូម៉ែត្រពីទីរួមខេត្ត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះបញ្ជីព្រះវិហារវត្តសំរោងក្នុង ជាសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវថែរក្សា និងការពារ ដូច្នេះរាល់ការជួសជុល និងកែលម្អគ្រប់ទម្រង់ ត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន៕ អត្ថបទ៖ នឿត សុភក្ត្រ