ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសគ្រូបង្វឹកក្រុមជម្រើសជាតិថ្មីគឺលោក Kassymkhanov Berikbol Amantayevich ជនជាតិកាហ្សាក់ស្ថាន ដែលនឹងត្រូវដឹកនាំក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធក្នុងពិធីណែនាំគ្រូបង្វឹកថ្មីកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។
លោកថា ការនាំយកគ្រូបង្វឹកកម្រិតអន្ដរជាតិមកពង្រឹងក្រុមជម្រើសជាតិកម្ពុជានេះ ក្រោមការឧបត្ថម្ភគាំទ្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ហើយលោក Kassymkhanov Berikbol Amantayevich គឺជាគ្រូបង្វឹកមានបទពិសោធន៍ជោគជ័យក្នុងវិស័យកីឡានេះ ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិផ្នែកយោធាកាហ្សាក់ស្ថានទៀតផង។ អ្វីដែលពិសេសមុនធ្វើដំណើរមកកម្ពុជា គ្រូបង្វឹកជនជាតិកាហ្សាក់ស្ថានរូបនេះទើបបញ្ចប់ភារកិច្ចបង្ហាត់រយៈពេល ១ឆ្នាំនៅប្រទេសតួកគី។ ផ្អែកលើបទពិសោធន៍ទាំងអស់នេះ លោក ប៊ុយ សុភ័ណ្ឌ រំពឹងយ៉ាងមុតមាំថា លោកនឹងអាចជួយពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជាកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈសម្បត្តិប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានោះលោក Kassymkhanov Berikbol Amantayevich បានធ្វើការប្ដេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ-កីឡាការិនី ដោយលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំ និងបង្វឹកហាត់ដល់ក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅរកគុណផលខ្ពស់។ មិនតែប៉ុណ្ណោះលោកក៏មានគម្រោងស្នើសុំគណៈកម្មាធិការជាតិ CAMSOC ដើម្បីបញ្ជូនក្រុមកីឡាប្រដាល់សកលកម្ពុជា ទៅបោះជុំរុំហ្វឹកហាត់នៅកាហ្សាក់ស្ថាន មុនការប្រកួតស៊ីហ្គេមមកដល់ទៀតផង។ សូមបញ្ជាក់ថា ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមកាលពីថ្មីៗ កីឡាប្រដាល់សកលកម្ពុជាដណ្ដើមបានមេដាយសរុប ៤គ្រឿងរួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ៣។ ប៉ុន្ដែសម្រាប់បេសកកម្មស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធបានកំណត់គោលដៅធ្វើបានឲ្យបានល្អប្រសើរជាងនេះ ពិសេសទិសដៅស្វែងរកមេដាយមាសតែម្ដង៕
អត្ថបទ៖ លី ឈុនឡា