ភ្នំពេញ៖ ក្នុងថ្ងៃកាន់បិណ្ឌទី៩ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តមរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញនាំយកនូវបង្ហាន់បិណ្ឌបាត្រ បច្ច័យ ទេយ្យវត្ថុនិងទេយ្យទានជាច្រើនមុខទៅប្រគេនព្រះសង្ឃ នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយក្រុមគ្រួសារ បងប្អូន សាច់ញាតិ និងមន្ត្រីអ្នកមុខអ្នកការ ដែលអញ្ជើញមកដាក់បិណ្ឌនៅវត្តចំពុះក្អែកនាពេលនេះ ក៏ដូចជាការអញ្ជើញទៅកាន់ទីអារាមផ្សេងៗនាពេលកន្លងមក ជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាមួយនឹងប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ប្រមាណជាង៩០%នៅទូទាំងប្រទេស។
តាមរយៈពិធីបុណ្យទាននានា សម្តេចតែងតែនាំនូវ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ សម្ភារៈបរិក្ខារ យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រគេនព្រះសង្ឃ និងសម្រាប់បន្តចូលរួមអភិវឌ្ឍកសាងសមិទ្ធផលនានាទាំងនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ឱ្យរីកចម្រើនរុងរឿងជាលំដាប់ផងដែរ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេណ៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុម គ្រួសារ រួមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញធ្វើកិច្ចតាមប្រពៃណី នៃព្រះពុទ្ធសាសនា ដោយបានអញ្ជើញរាប់បាត្រ បូជាបច្ច័យ ទេយ្យវត្ថុ ទេយ្យទាន បង្សុកូល វេរប្រគេនព្រះសង្ឃ ឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឱ្យវិញ្ញាណក្ខន្ធរបស់អស់លោកអ្នកទាំងនោះបានទទួលយក កុំបីអាក់ខានឡើយ។
តាមរយៈមនុញ្ញផលដ៏ថ្លៃថ្លានៅក្នុងវេនកាន់បិណ្ឌទី៩នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក សម្តេច ថ្នាក់ដឹកនាំ និងមន្ត្រីចូលរួមបុណ្យក៏បានឧទ្ទិស សូមឱ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន បានយោងយកកំណើតកើតនៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់និងងាកក្រោយឱ្យពរជ័យ ដល់កូន ចៅបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមឱ្យព្រះបារមីដ៏សក្ដិសិទ្ធិនៅក្នុងលោក ព្រះបារមី នៃវត្តមុនីសុវណ្ណ ហៅចំពុះក្អែក តាមជួយបីបាច់ថែរក្សាសម្តេចទាំងពីរ មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីសម្តេច បានស្ថិតនៅគ្រប់គ្រង ការពារព្រះរាជាណាចក្រកម្ពុជា ឱ្យរក្សាបានជានិច្ចនិរន្តរ នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចំរើនថ្មីៗបន្ថែមទៀត ដើម្បីជាសេចក្តីសុខ សេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ហើយតាមរយៈមនុញ្ញផលនៃថ្ងៃដាក់ បិណ្ឌនេះ ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធវីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហា ជាតិ ដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតតជាតិមាតុភូមិជាតិស្នេហានៃយើងផងដែរ។
ក្នុងឱកាសបុណ្យដាក់បិណ្ឌទី៩ នៅចំពុះក្អែកនេះ សម្តេចមានសទ្ធាជ្រះថ្លាបានប្រគេនទេយ្យទាន ទេយ្យវត្ថុ សរុបចំនួន២២មុខ រួមនឹងបច្ច័យសង្កត់បិណ្ឌ៥លានរៀល ព្រមជាមួយបច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃបូករួម នឹងបច្ច័យជាង១៩លាន ៨សែនរៀល និង៣ម៉ឺន៦ពាន់៨៥០ដុល្លារអាមេរិកបន្ថែមទៀត ដែលបានមកពីលោកជំទាវ ឯកឧត្តម មន្ត្រីអ្នកមុខ អ្នកការ ដែលបានអញ្ជើញចូលរួមនាឱកាសនោះផងដែរ។
សរុបបច្ច័យទាំងអស់ក្នុងបិណ្ឌទី៩ នៅវត្តមុខនីសុវណ្ណ ហៅចំពុះក្អែក សម្រាប់ការកសាងសមិទ្ធផល ក្នុងវិស័យព្រះពុទ្ធសាសនាមានជាង២៤លាន៨សែនរៀល និងប្រាក់ដុល្លារ៣ម៉ឺន៦ពាន់៨៥០ដុល្លារអាមេរិក។
ក្រៅពីនេះ សម្តេចក៏បានប្រគេនព្រះសង្ឃ១៨០អង្គក្នុង ១អង្គៗមានទេយ្យទាននិងបច្ច័យ៥ម៉ឺនរៀល,យាយជីតាជី ១៧០នាក់ ម្នាក់ៗទទួលបានក្រណាត់ស និងថវិកា៥ម៉ឺនរៀល៕ អត្ថបទ៖ មុត សុទ្ធ

