WHO៖ អង្គការសុខភាពពិភពលោកបានកំពុងអំពាវនាវ ឲ្យបង្កើនវិធានការប្រុងប្រយ័ត្នប្រឆាំងនឹងវីរុសអុតស្វា ឬ (monkeypox) ចាប់តាំងពីអង្គការនេះបានប្រកាសពីការផ្ទុះរាលដាលសកលនៃវីរុសថា ជាគ្រាអាសន្នសុខភាពសាធារណៈនៃកង្វល់អន្តរជាតិកាលពីសប្ដាហ៍មុន។
អង្គការសុខភាពពិភពលោកបាននិយាយថា មានករណីឆ្លងជាង ១៦,០០០នាក់ពីប្រទេស និងដែនដីចំនួន ៧៥ និងមានករណីស្លាប់ ៥នាក់។ ទិន្នន័យទទួលបានពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ប្រទេសអេស្ប៉ាញបានបញ្ជាក់ករណីឆ្លងច្រើនជាងគេបំផុតដល់ ៣,១២៥នាក់។ ចំនួននេះខ្ពស់ជាងសហរដ្ឋអាមេរិកដែលមាន ២,៨៩០ករណី, អាល្លឺម៉ង់ ២,២៦៨ករណី និងបារាំង ១,៥៦៧ករណី។
អង្គការសុខភាពពិភពលោកបានចង្អុលបង្ហាញថា ការផ្ទុះរាលដាលនេះភាគច្រើនកើតឡើងនៅក្នុងចំណោមក្រុមបុរសដែលរួមភេទជាមួយបុរសដូចគ្នា ពិសេសក្រុមបុរសដែលមានដៃគូរួមភេទច្រើន ខណៈដែលអង្គការនេះក៏បាននិយាយផងដែរថា ការស្អប់ខ្ពើម និងការរើសអើងអាចគ្រោះថ្នាក់ដូចជាវីរុសនេះដែរ។ ក្រុមមន្ត្រីបានបន្ថែមថា មនុស្សគ្រប់គ្នាអាចឆ្លងវីរុសនេះ តាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកដែលបានឆ្លង ហើយជំងឺនេះមិនគួរត្រូវបានចាត់ទុកថាបានកំណត់ទៅលើក្រុមមនុស្សជាក់លាក់នោះទេ៕
អត្ថបទ៖ សុខមាន