ហាប់គីដូ៖ លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានលើកទឹកចិត្តឲ្យមន្ដ្រីបច្ចេកទេសសហព័ន្ធ ធ្វើការចងសម្ព័ន្ធជាមួយប្រភេទកីឡាផ្សេងៗ ដែលមានមូលដ្ឋានក្បាច់គុនត្រដៀងគ្នាដើម្បីផ្លាស់ប្ដូរបច្ចេកទេស និងជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន។
ការលើកឡើងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្ដរបស់សហព័ន្ធ ក្នុងអាណត្តិទី៧ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធថ្មី បន្ទាប់ពីលោក សៅ សេងហាក់ ទទួលបានការគាំទ្រពីអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្ដអាណត្ដិថ្មីកាលពីខែមេសាកន្លងទៅ។ លោកថា ប្រភេទកីឡាក្បាច់គុនភាគច្រើនគឺជ្រលិះៗគ្នា មិនខុសគ្នាឆ្ងាយប៉ុន្មានទេ អ្វីដែលសំខាន់គឺមានគោលដៅតែមួយគឺការផ្ដួលគូប្រកួតប្រជែង។ ដូច្នេះលោកលើកទឹកចិត្តឲ្យកីឡាហាប់គីដូចងសម្ព័ន្ធជាមួយកីឡាផ្សេងៗ ដើម្បីផ្លាស់ប្ដូរបច្ចេកទេស ក៏ដូចជាជំរុញការផ្សព្វផ្សាយវិស័យកីឡាមួយនេះឲ្យកាន់តែទូលំទូលាយ និងរីកចម្រើនបន្ថែមទៀត។
លើសពីនេះក្នុងនាមប្រធានសហព័ន្ធថ្មី លោកបានធ្វើការជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបានឱកាសក្លាយជាគ្រូបង្គោលនាថ្ងៃអនាគត ហើយឈានទៅសាបព្រោះវិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែទូលំទូលាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក គង់ ចាន់ធីណា បានបញ្ជាក់ថា រយៈពេល ៣ខែចុងក្រោយនេះ សហព័ន្ធបានសម្រេចសកម្មភាពការងារជាច្រើន ដូចជាការបើកវគ្គបណ្ដុះបណ្ដាល និងបង្ហាត់ស្នៀតជំនាញបច្ចេកទេស ដើម្បីការពារសន្ដិសុខដល់ក្រុមគ្រូបង្គោលមកពីពីសាលាបណ្ឌិតសភានគរបាលជាតិ ក្រុមកងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលដល់ក្លិបសមាជិក។ លោកថា បច្ចុប្បន្នសហព័ន្ធមានក្លិបសមាជិកចំនួន ៤ ដែលមានសិស្សគុនសរុបប្រមាណ ៧២នាក់។ បន្ទាប់ពីសហព័ន្ធបានបោះឆ្នោតជ្រើសរើសប្រធានថ្មី លោកបានចាត់ចែងដឹកនាំកិច្ចប្រជុំរៀបចំឯកសារពាក់ព័ន្ធ និងដាក់ទិសដៅការងារជាបន្តបន្ទាប់ដោយមានកិច្ចសហការផ្ទៃក្នុងល្អ ប្រកបដោយសុខដុមនីយកម្មរហូតទទួលបានការគាំទ្រ និងទទួលស្គាល់សមាជិកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទៀតផង៕
អត្ថបទ៖ លី ឈុនឡា