ប៉ារ៉ាឡាំពិក៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ប្រតិភូកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា បានចាកចេញទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ២០២២ នៅទីក្រុងសូឡូ ខេត្តជ្វាកណ្តាល ប្រទេសឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស Sky Angkor Airlines។
គណៈប្រតិភូដែលមានសមាជិក ១៦៦នាក់ដែលជាថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីជំនាញមកពី CAMSCO និងកីឡាករ-កីឡាការិនី ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជាបានបង្ហាញក្ដីរំពឹងថា ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីដែលនឹងបើកការប្រកួតនាចុងសប្ដាហ៍នេះ ក្រុមអត្តពលិកជនពិការកម្ពុជាអាចដណ្ដើមបានមេដាយមាសយ៉ាងតិច ៣គ្រឿង។ នាយបេសកកម្មដដែលរំពឹងថា កម្ពុជានឹងអាចបំបែកឯតទគ្គកម្មមេដាយ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ដែលកាលនោះកម្ពុជាដណ្ដើមបានត្រឹមមេដាយប្រាក់ ៥ និងសំរឹទ្ធ ៥គ្រឿងប៉ុណ្ណោះ។
ប៉ុន្ដែផ្អែកលើការខំប្រឹង និងការប្ដេជ្ញាចិត្តរបស់កីឡាករ-កីឡាការិនីជនពិការកម្ពុជាឆ្នាំនេះ ឯកឧត្តមជឿជាក់កម្ពុជានឹងអាចឈ្នះមេដាយមាសយ៉ាងតិច ៣គ្រឿង ខណៈមេដាយប្រាក់យ៉ាងហោច ១០ និងមេដាយសំរឹទ្ធយ៉ាងហោច ១៥គ្រឿងផងដែរ។ សូមបញ្ជាក់ថា ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាដែលនឹងចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូនាចុងសប្ដាហ៍នេះគឺមានចំនួន ១៦៦នាក់ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១១៥នាក់លើ ១១ប្រភេទកីឡារួមមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការ បាល់ទាត់ម្ខាង ៧នាក់ វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងបូស្យា។ ការប្រកួតដំណើរការពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានោះក៏នឹងមានមន្ដ្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាច្រើនរូបនឹងចូលរួមសិក្សារៀនសូត្រ ដើម្បីដកស្រង់បទពិសោធន៍ពីការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម សម្រាប់យកមកត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕ អត្ថបទ៖ គង់ ហួន


