ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក យូស៊ីហីសា កៃនុម៉ា នាយក ប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ។
លោក យូស៊ីហីសា កៃនុម៉ា បានគោរពរាយការណ៍ជូនសម្តេចតេជោពីវឌ្ឍនភាព នៃដំណើរការរោង ចក្រជាប្រក្រតីនៅប្រទេសកម្ពុជា ទោះបីមានស្ថានភាពកូវីដ-១៩ក៏ដោយ ហើយលោកក៏បានគោរព អញ្ជើញសម្ដេចដើម្បីជាអធិបតីក្នុងពិធីខួប១០ឆ្នាំ នៃដំណើរការរោងចក្រមីនៀបៀ នៅកម្ពុជាផងដែរ។ នេះបើឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការសាទរជូនចំពោះក្រុមហ៊ុន ដែលរយៈពេល១០ឆ្នាំ កន្លងមក ទទួលបានជោគជ័យ ដោយបានពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។
សម្ដេចតេជោ បាន ថ្លែងអំណរគុណផងដែរដល់លោក កៃនុម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់កូវីដ-១៩ ហើយ សម្ដេច ក៏បានទទួលយកនូវការអញ្ជើញជាអធិបតីក្នុងខួប១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា។
សម្ដេចបានរំឭកអំពីប្រវត្តិរបស់ក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេល ដែលក្រុមហ៊ុនសម្រេចចិត្ត មកវិនិយោគនៅកម្ពុជា ដែលពេលនោះ សម្ដេចមានយុទ្ធសាស្ត្រត្រីណាមកដល់មុន គឺចាប់យកត្រីនោះមុន ហើយត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់មកកម្ពុជា មានជំនឿចិត្តមកលើកម្ពុជា៕
អត្ថបទ៖ មុត សុទ្ធ



