មីយ៉ាន់ម៉ា៖ យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយដល់អំពើភេរវកម្ម ដែលបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រហារជីវិតលើកដំបូងរបស់សហភាពនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
រដ្ឋាភិបាលរួបរួមជាតិដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យអន្តរាយដល់ការប៉ុនប៉ងរបស់របបយោធាក្នុងគ្រប់គ្រងសហភាពមីយ៉ាន់ម៉ាបាននិយាយថា វាដល់ពេលហើយសម្រាប់ការឆ្លើយតបជាអន្តរជាតិ។ លោក Kyaw Zaw អ្នកនាំពាក្យការិយាល័យប្រធានរដ្ឋាភិបាលរួបរួមជាតិបាននិយាយថា សហគមន៍ពិភពលោកត្រូវតែដាក់ទណ្ឌកម្មលើភាពឃោរឃៅរបស់ពួកគេ។ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បានចាត់ទុកការប្រហារជីវិតនេះថា ជាចំណាត់ការដ៏ឃោរឃៅ និងផ្ទុយពីបំណងរបស់យើង ដែលនឹងធ្វើឱ្យកាន់តែរីកធំដល់ការជាប់ពាក់ព័ន្ធក្នុងវិបត្តិដែលរបបនេះបានបង្កើតឡើង។ ទីប្រឹក្សាទោសប្រហារជីវិតរបស់អង្គការលើកលែងទោសអន្តរជាតិលោក Chiara Sangiorgio បាននិយាយថា ការប្រហារជីវិតនេះគឺជាដំណើរថយក្រោយ ហើយរបបយោធានឹងមិនបញ្ឈប់នៅត្រឹមនេះនោះទេ។
លោក Elaine Pearson នាយកស្តីទីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបាននិយាយថា វាគឺជាអំពើឃោរឃៅបំផុត ដែលមានបំណងធ្វើឱ្យមានចលនាតវ៉ាប្រឆាំងរដ្ឋប្រហារ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកកំពុងថ្កោលទោសការប្រហារជីវិតដោយយោធាសហភាពមីយ៉ាន់ម៉ា លើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកបានជំរុញឱ្យដៃគូ និងសម្ព័ន្ធមិត្តទាំងអស់ចូលរួមជាមួយយើង ក្នុងការថ្កោលទោសសកម្មភាពរបស់របបយោធា និងបង្កើនសម្ពាធលើអ្នកគាំទ្ររបស់របបនេះ។ ការប្រហារជីវិតត្រូវបានប្រកាសលើកដំបូងនៅក្នុងសារព័ត៌មាន Mirror Daily គ្រប់គ្រងដោយរដ្ឋ ដែលការកាត់ទោសត្រូវបានធ្វើឡើង ទោះបីជាមានការអង្វរពីទូទាំងពិភពលោកសម្រាប់ការលើកលែងទោស ចំពោះមនុស្សទាំង ៤នាក់រួមទាំងការស្នើសុំពីអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងកម្ពុជាដែលកាន់តំណែងជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ប៊ុនថន