ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះថា គិតមកត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន១,៤៩១,៥៩៨នាក់(១០៥.៥៨%) ។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សព្វថ្ងៃក្រុមការងារគ្រូពេទ្យមកពីស្ថាប័នអង្គភាពផ្សេងៗ រួមមានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, មនី្ទរពេទ្យថ្នាក់ជាតិ និងក្រុមគ្រូពេទ្យTYDA និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនានា បានចូលរួមយ៉ាងសកម្ម ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ជូនប្រជាពលរដ្ឋ ក្នុងនោះអ្វីដែលក្រុមការងារគ្រូពេទ្យចង់បាន គឺសូមប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងដូសទី២រួច និងដល់វេណត្រូវចាក់វ៉ាក់សាំងដូសជំរុញទី៣ សូមប្រញាប់ប្រញាល់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៣នេះ ឲ្យបានគ្រប់ៗគ្នា ព្រោះសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី និងដើម្បីជាការឆ្លើយតបតាមអនុសាសន៍របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មកទទួលវ៉ាក់សាំងដូសជំរុញទី៣ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនប្រជាពលរដ្ឋទាំងអស់។
ទន្ទឹមនឹងនោះ លោកតា លោកយាយ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែកពោធិ៍ចិនតុង បានលើកឡើងពីសារប្រយោជន៍ដែលទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានជួយបង្ការ ជួយការពារសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលប្រជាពលរដ្ឋតូចកី្ត ធំកី្ត មេគ្រួសារ ឬក៏សមាជិកគ្រួសារ នៃសង្គមណាមួយនោះ បានចូលរួមបង្ការជំងឺកូវីដ-១៩នេះរួចហើយ និងជាសៈស្បើយនោះ គឺប្រសើរក្រៃលែងណាស់ ព្រោះថាមិនមានលាបអ្វី ស្មើនឹងលាបមិនឆ្លងមេរោគកូវីដ-១៩ និងឈឺនោះទេ និងសូមគោរពដឹងគុណគ្រប់យ៉ាង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនទូទាំងប្រទេស។
ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងនៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ម្សិលមិញនេះ ចាក់ដូសទី៣ បានចំនួន១០៥.៥៨%, ចាក់ដូសទី៤ បានចំនួន៧៩.២៤% និងចាក់ដូសទី៥ បានចំនួន៧.៥១%៕
អត្ថបទ រដ្ឋា