កោះកុង៖ តំណាងក្រុមគ្រួសាររបស់ក្មេងស្រីម្នាក់បានស្លាប់ និងប្រពន្ធរងរបួសធ្ងន់ធ្ងរកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដង្ហើយរកយុត្តិធម៌ដើម្បីផ្តន្ទាទោសជនបង្កតាមច្បាប់ ខណៈបាត់បង់មនុស្សជាទីស្រឡាញ់ធ្វើឱ្យរងវិបត្តិផ្លូវចិត្ត។
លោក ព្រឿង សារ៉ាត់ ជាប្តីរបស់ស្រ្តីរងគ្រោះឈ្មោះ ឆាំង ឆានិត អាយុ៣៨ឆ្នាំ (របួសធ្ងន់) និងកុមារីឈ្មោះ ភឿន ដារ៉ា អាយុ១២ឆ្នាំ (ស្លាប់) រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានដង្ហើយរកអ្នកច្បាប់ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើយ៉ាងណារកយុត្តិធម៌ និងសងសំណងជាថវិកាប៉ះប៉ូវផ្លូវចិត្តដែលខូចខាតមកលើគ្រួសារបស់ខ្លួន។
ការទាមទាររកយុត្តិធម៌នេះ ធ្វើឡើងក្រោយជនបង្កឈ្មោះ កែវ បញ្ញា បើករថយន្តក្នុងល្បឿនបុកពេញទំហឹងពីក្រោយពេលកំពុងធ្វើដំណើរពីកើតទៅលិចអូសជាច្រើនម៉ែត្រលើដងផ្លូវទល់មុខអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី។
តំណាងគ្រួសារជនរងគ្រោះ បានបន្ថែមនៅថ្ងៃទី២៦ ខែកក្កដា ថា ជនបង្កឈ្មោះ កែវ បញ្ញា ជាមន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយកាលពីព្រលប់ម៉ោងជិត ៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ បានបើករថយន្តម៉ាកFord ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អយ ឆ្ពោះមកកាន់រង្វង់លោកយាយរែកផ្លែឈើ ហើយលុះមកដល់ចំណុចកើតហេតុខាងលើ បណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍តែម្តង។
លោក ព្រឿង សារ៉ាត់ រៀបរាប់ទាំងក្តីរន្ធត់ចិត្តយ៉ាងខ្លាំងថា ភ្លាមៗនោះមហាជនសង្កេតឃើញថាជនបង្កព្យាយាមរត់គេច ប៉ុន្តែត្រូវបានរកឃើញជនបង្កកំណត់អត្តសញ្ញាណបាន។ រូបលោក និងក្រុមគ្រួសារ ពិតជាវិប្បសារីជាអនេកចំពោះបាត់បង់ជីវិតក្មេងស្រីដ៏គួរឱ្យស្រឡាញ់់ ទើបតែមកពីខេត្តព្រែវែង និងរស់នៅជាមួយខ្លួនជួយមើលថែរក្សាជីដូនដែលមានជំងឺប្រចាំកាយធ្ងន់ ទើបតែបាន១សប្តាហ៍ប៉ុណ្ណោះ។ អំឡុងមកមើលថែជីដូន ល្ងាចថ្ងៃកើតហេតុក៏សុំប្រពន្ធរបស់លោក ឌុបនាងដើរលេងលំហែ ប៉ុន្តែមិនគួរណាជួបគ្រោះអកុសលនេះ។
គួរកត់សម្គាល់ថា ២ថ្ងៃហើយ ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នេះ ត្រូវបានបិទជិតឈឹងគ្មានដំណឹងអ្វីទេ តែទើបបែកធ្លាយដល់ដៃអ្នកសារព័ត៌មានថ្ងៃនេះ។
លោក យស់ ចាន់វិចិត្រ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ថ្លែងឱ្យដឹងថា លោកកំពុងធ្វើការលើករណីនេះហើយ ដោយជនបង្កក៏ក្តោបបានដែរហើយ។
លោកអធិការនគរបាលក្រុងខេមរភូមិន្ទ លើកឡើងថា ឥឡូវសម្របសម្រួលរកដំណោះស្រាយទៅកាន់ក្រុមគ្រួសារជនរងគ្រោះសងជាសំណងទូទាត់ ដើម្បីមានលទ្ធភាពស្តារសេដ្ឋកិច្ចជីវភាព និងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកចំពោះសំណួរសួរថា ក្រៅពីការសងសំណងថវិការួចរាល់ ជនបង្កអាចនឹងរួចខ្លួនពីការផ្តន្ទាទោសតាមច្បាប់ឬ? លោកអធិការមិនតបឆ្លើយតាមប្រព័ន្ធតេឡេក្រាមនោះឡើយ។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដ៏ទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម)នៃក្រមព្រហ្មទណ្ឌ៕អត្ថបទ៖ ឈឹម មករា




