មណ្ឌលគិរី៖ ករណីឃាតកម្មទៅជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងមក នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី បានបំបែកដោយជោគជ័យ។
ផ្អែកតាមការបញ្ជាក់ពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ03អ.យ.ឃ/22 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នដំណើការនីតិវិធី ត្រូវប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមរំលឹកថា នារីជនរងគ្រោះត្រូវគេប្រទះឃើញសពស្អុយរលួយ នៅចំណុចចំការដំឡូង ស្ថិតក្នុងភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ កក្កដា ឆ្នាំ២០២២កន្លងទៅ។
ប្រភពព័ត៌មាននៅពេលនោះថា សពខាងលើជាស្ត្រីមិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ទេ។តែយោងលើអ្នករស់នៅតំបន់នោះប្រាប់ថាស្ត្រី ដែលមានសតិមិនល្អ មានឈ្មោះហៅក្រៅ លិ ឬកូកូ។នារីរូបនេះតែងដើរស្នាក់នៅរហេតរហូត ពុំមានគោលដៅច្បាស់លាស់ទេ។ សមត្ថកិច្ច បន្តថា សព អាចនិងស្លាប់ចន្លោះពី៧ទៅ១០ថ្ងៃទម្រាំគេប្រទះឃើញ។
នារសៀលថ្ងៃដដែលនេះ នៅពុំទាន់ទទួលបានព័ត៌មានបន្ថែមពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទេ ដោយទុកឱកាសដើម្បីអោយសមត្ថកិច្ចសួរនាំរកចំលើយសារភាពរបស់ជនសង្ស័យ៕


