ប្រណាំងកង់៖ កីឡាការិនីហូឡង់ Marianne Vos បានប្រជែងឈ្នះដំណាក់កាលទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ផ្នែកនារីថ្ងៃចន្ទម្សិលមិញ។ នេះជាឆ្នាំដំបូងដែល Tour de France រៀបចំឱ្យការប្រកួតផ្នែកនារីនេះ បន្ទាប់ពីការប្រកួតផ្នែកបុរសបានបញ្ចប់ដោយកីឡាករដាណឺម៉ាក Jonas Vingegaard គ្រងជើងឯក។

សំរាប់ផ្នែកនារីដំណាក់កាលទី២ ម្សិលមិញមានចម្ងាយផ្លូវ ១៣៦.៤គីឡូម៉ែត្រ Marianne Vos ដែលជិះឱ្យក្រុមប្រណាំង Jumbo-Visma បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ១៤នាទី ២វិនាទី តាមពីក្រោយដោយកីឡាការិនីអ៊ីតាលី Silvia Persico និងលេខ៣ កីឡាការិនីប៉ូឡូញ Katarzyna Niewiadoma ស្ថិតក្នុងថេរវេលាដូចគ្នា។ ជ័យជំនះនេះដែរក៏បានធ្វើឱ្យកីឡាការិនីវ័យ ៣៥ឆ្នាំ Marianne Vos ឡើងមកនាំមុខគេក្នុងតារាងរួមផងដែរមានវេលាចំនេញ ១០វិនាទីលើអ្នកលេខ២ កីឡាការិនីអ៊ីតាលី Silvia Persico និងលេខ៣ កីឡាការិនី Katarzyna Niewiadoma យឺតជាង ១២វិនាទី។ សំរាប់ដំណាក់កាលទី៣ ថ្ងៃអង្គារនេះមានចម្ងាយផ្លូវ ១៣៣.៦គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ៕
អត្ថបទ៖នាង សុភាវុធ