ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈកម្លាំងផ្សេងៗបានបន្តបញ្ចប់ការបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខេត្តមួយចំនួន ហើយគ្រោងប្រកាសខេត្តទាំងអស់នោះជាខេត្តគ្មានមីននៅឆ្នាំ២០២២នេះ ខណៈខេត្តកែបត្រូវបានប្រកាសមុនគេថា ជាខេត្តគ្មានមីនកាលពីដើមឆ្នាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនមានប្រសាសន៍ថា នៅឆ្នាំនេះប្រតិបត្តិការបោសសំអាតមីនបានជួបផលលំបាកមួយចំនួនផងដែរ ដោយសារមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែយ៉ាងណាក៏ដោយប្រតិបត្តិករនៅតែបន្តខិតខំការងារបោសសំអាតមីន នៅទូទាំងប្រទេស។ ឯកឧត្តមបន្តថា បច្ចុប្បន្នខេត្តមួយចំនួនត្រូវបានបញ្ចប់ ឬគ្រោងបញ្ចប់ការបោសសំអាតមីននៅឆ្នាំនេះ ក្នុងនោះមានខេត្តត្បូងឃ្មុំ កងកម្លាំងមួកខៀវ កំពុងប្រតិបត្តិការបោសសំអាតលើចម្ការមីនចំនួន៩០ ដោយប្រើរយៈពេល ៤ខែ ខណៈខេត្តព្រះសីហនុ កងកម្លាំងស៊ីម៉ាក់បានបោសសំអាតរួចរាល់ ហើយបានដកកម្លាំងមកវិញផងដែរ។
ឯកឧត្តម លី ធុជ បានបន្ថែមថា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ប្រតិបត្តិករជាតិ និងអន្តរជាតិបានបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាមបានជាង ២,៦០០គីឡូម៉ែត្រក្រឡាដោយបានរកឃើញ និងកម្ទេចចោលគ្រាប់ជាច្រើនលានគ្រាប់ ដែលជួយឲ្យពលរដ្ឋខ្មែររាប់សែននាក់អាចរួចផុតពីគ្រោះថ្នាក់ និងបច្ចុប្បន្នកម្ពុជានៅសល់ដីចម្ការមីន ៧០០គីឡូម៉ែត្រក្រឡាទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សប្បុរសជននានាចូលរួមសកម្មភាពបោសសំអាតមីន ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ក្នុងនោះព្រះមហាក្សត្រ សម្ដេចម៉ែ បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ រួមទាំងពលរដ្ឋខ្មែរក្នុង ក្រៅប្រទេស និងផ្នែកអន្តរជាតិជាច្រើនម៉ឺននាក់បានចូលរួមថវិកា ក្នុងការដោះស្រាយបញ្ហាមីនសរុបជាថវិកាប្រមាណជាង ២០លានដុល្លារហើយក្នុងរយៈពេលជិត ១ខែនេះ៕
អត្ថបទ៖ បាន សុខរិទ្ធិ