សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា រដ្ឋបាលលោក Biden កំពុងធ្វើការយ៉ាងអន្ទះសានៅពីក្រោយបញ្ហានានា ដើម្បីរក្សាសម្ព័ន្ធមិត្តអឺរ៉ុបរួមគ្នាប្រឆាំងនឹងប្រទេសរុស្ស៊ី ខណៈក្រុង Moscow នឹងកាត់បន្ថយការផ្គត់ផ្គង់ថាមពលរបស់ខ្លួនបន្ថែមទៀតទៅកាន់សហភាពអឺរ៉ុប ដែលជំរុញឲ្យមានភាពស្លន់ស្លោសម្រាប់ភាគីទាំង២ នៃតំបន់អាត្លង់ទិកជុំវិញកង្វះខាតឧស្ម័នធ្ងន់ធ្ងរមុនរដូវរងាចូលមកដល់។

កាលពីថ្ងៃចន្ទក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom បាននិយាយថា ខ្លួននឹងកាត់ផ្ដាច់លំហូរឧស្ម័នតាមរយៈបំពង់បង្ហូរ Nord Stream 1 ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងចំនួនពាក់កណ្ដាលរហូតដល់ 20% នៃសមត្ថភាពរបស់ខ្លួន។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការកាត់ផ្ដាច់ឧស្ម័ននេះគឺជាការសងសឹកទៅលើលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើក្រុង Moscow។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ជាការឆ្លើយតបទៅនឹងភាពចលាចលនេះ អ្នកសម្របសម្រួលជាន់ខ្ពស់របស់សេតវិមានសម្រាប់វិស័យថាមពលប្រចាំទ្វីបអឺរ៉ុបលោក Amos Hochstein នឹងធ្វើដំណើរទៅទីក្រុង Paris និង Brussels ដើម្បីពិភាក្សាពីផែនការបច្ចុប្បន្នជាមួយក្រុមការងារពិសេសផ្នែកថាមពលអាមេរិក-សហភាពអឺរ៉ុបដែលបានបង្កើតឡើងកាលពីខែមីនា មួយខែបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
មន្ត្រីអាមេរិកបាននិយាយថា នេះគឺជាការភ័យខ្លាចដ៏ធំបំផុតរបស់យើង។ ផលប៉ះពាល់ទៅលើសហភាពអឺរ៉ុបអាចជះត្រឡប់ទៅលើសហរដ្ឋអាមេរិក ដែលធ្វើឲ្យតម្លៃឧស្ម័នធម្មជាតិ និងថាមពលអគ្គិសនីហក់ឡើងខ្ពស់។ វានឹងក្លាយជាការសាកល្បងធំបំផុតសម្រាប់ភាពអត់ធ្មត់របស់សហភាពអឺរ៉ុប និងការរួបរួមគ្នាប្រឆាំងរុស្ស៊ី ខណៈដែលវិមានក្រឹមឡាំងពុំបានបង្ហាញពីសញ្ញានៃការដកដៃចេញពីសង្គ្រាមអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន