ប្រណាំងកង់៖ កីឡាការិនីដាណឺម៉ាក Cecilie Uttrup Ludwig បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France នារីជាលើកដំបូង តែកីឡាការិនីហូឡង់ Marianne Vos បន្តនាំមុខរួម។ ដំណាក់កាលទី៣ ដែលមានចំងាយផ្លូវ ១៣៣.៦គីឡូម៉ែត្រ កីឡាការិនីដែលវ័យ ២៦ឆ្នាំដាណឺម៉ាករូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ២២នាទី ៥៤វិនាទី។

កីឡាការិនីហូឡង់ Marianne Vos ដែលឈ្នះដំណាក់កាលទី២ នោះបានមកដល់ទីព្រ័ត្រចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកឈ្នះ ២វិនាទី និងលេខ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman-Pasio។ ក្រោយ ៣ដំណាក់កាលនេះ Marianne Vos ដែលជិះឱ្យក្រុមប្រណាំង Jumbo-Visma នៅតែបន្តនាំមុខគេដដែលក្នុងតារាងរួមដោយមានវេលាចំណេញ ១៦វិនាទីពីលើអ្នកលេខ២ កីឡាការិនីអ៊ីតាលី Silvia Persico និងលេខ៣ កីឡាការិនីប៉ូឡូញ Katarzyna Niewiadoma។ សំរាប់ដំណាក់កាលទី៤ ថ្ងៃពុធនេះមានចំងាយផ្លូវ ១២៦.៨គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ៕
អត្ថបទ៖នាង សុភាវុធ