ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានប្រកាសបើកកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ និងប្រកាសបើកទទួលពាក្យចូលរួមប្រកួតហើយ សម្រាប់បេក្ខជនទាំង២៥រាជធានី-ខេត្តទូទាំងប្រទេស ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត ជាមួយលក្ខន្តិកៈងាយស្រួល ដែលមានគណៈកម្មការសុទ្ធសឹងជាកំពូលសិល្បករ សិល្បការិនីរបាំបុរាណ និងព្រឹទ្ធាចារ្យមានបទពិសោធន៍យូរឆ្នាំលើវិស័យសិល្បៈ។
កម្មវិធីល្ខោនខ្មែរ រដូវកាលទី១នេះ បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង អាចបំពេញបែបបទប្រកួត ដោយភ្ជាប់ជាមួយថវិកាត្រឹម ១០.០០០រៀល (មួយម៉ឺន) និងវីដេអូ សម្តែងទម្រង់សិល្បៈបុរាណខ្មែរណាមួយ យ៉ាងតិចរយៈពេល ៥នាទី ផ្ញើមកកាន់ទំព័រ Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេឡេក្រាម 099 914 121 ដែលមានឈ្មោះ«ល្ខោនខ្មែរ UYFC» ដោយការទទួលពាក្យ និងវីដេអូ ចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។
ជ័យលាភីលេខ១ នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ចំនួន ១២លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨លានរៀល និងលេខ ៣ ទទួលបានទឹកប្រាក់ចំនួន ៤លានរៀល៕





