ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសកើតមានករណីឆ្លងជំងឺអុតស្វា ជាពិសេសបន្ទាប់ពីទទួលដំណឹងថា មានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់កើតជំងឺអុតស្វានៅប្រទេសថៃ រត់ឆ្លងចូលដីកម្ពុជាមក រហូតមកដល់ពេល បណ្តាអាជីវករលក់ដូរនៅផ្សារ និងពលរដ្ឋនានាទៀត ចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល។
បណ្តាអាជីវករ និងពលរដ្ឋនៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៧ ខែកក្តដានេះថា នៅពេលនេះ ពលរដ្ឋម្នាក់ៗសុទ្ធតែទទួលសារណែនាំពីក្រសួងសុខាភិបាលរួចហើយ អំពីការប្រុងប្រយ័ត្ននិងការពារខ្លួនពីការឆ្លងជំងឺអុតស្វា ។ បន្ទាប់ពីទទួលសារអប់រំណែនាំនេះ សំគាល់ឃើញថា បណ្តាពលរដ្ឋមានចំនួន មានការពង្រឹងវិធានការការពារខ្លួនជំងឺពីអុតស្វានេះផង ជំងឺកូវីដផង ដោយមានការចៀសវាងការប៉ះពាល់ស្បែក ប៉ះពាល់ផ្ទាល់លើអ្នកសង្ស័យមានរោគសញ្ញាអុតស្វា ឧស្សាហ៍លាងដៃ លាងវត្ថុរបស់ប្រើប្រាស់ញឹកញាប់ និងត្រូវពាក់ម៉ាស ពាក់ស្រោមដៃ ត្រឹមត្រូវនៅពេលចាប់របស់របរនានា ជាពិសេសប្រញាប់ទៅទទួលការប្រឹក្សាពីក្រុមពេទ្យនៅពេលកើតរមាស់ ពងបែកលើដៃជាដើម។
អនុវត្តតាមការណែនាំក្រសួងសុខាភិបាល នៅពេលនេះ គ្លីនិចឯកជនព្យាបាលរោគសើរស្បែកនានានៅរាជធានីភ្នំពេញ គឺមិនទទួលព្យាបាលអ្នកជំងឺអុតស្វា ដែលមានរោគសើរស្បែកដំបៅពងបែកទឹកនៅលើខ្លួនប្រាណនោះទេ ។
លោកស្រីវេជ្ជបណ្ឌិត យូ ម៉ូលីនតំណាង គ្លីនិចឯកជនព្យាបាលរោគសើរស្បែក បានថ្លែងថា ជារួម នៅពេលក្រសួងសុខាភិបាលប្រកាសកើតមានឆ្លងជំងឺអុតស្វានេះ សំគាល់ឃើញថា គ្លីនិចព្យាបាលរោគសើរស្បែកលោកស្រី មានពលរដ្ឋដែលមានអាការៈរមាស់រោគសើរស្បែក បានមកសាកសួររកការព្យាបាលច្រើន ប៉ុន្តែសម្រាប់អ្នកមានអាការៈគ្រុនក្តៅ និងពងបែកលើដៃជាដើម គឺយើងបានណែនាំគេស្វែងរកការប្រឹក្សាជាមួយលេខទូរស័ព្ទ ១១៥ និងអញ្ជើញទៅរកការព្យាបាលនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀតជាដើម។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងសុខាភិបាលថ្លែងថា សម្រាប់ពលរដ្ឋបើមានករណីសង្ស័យដូចជា កើតរោគរមាស់ចេញដំបៅពងទឹកនៅលើដៃ ខ្លួនប្រាណ ជើង និងមានកំដៅលើពី ៣៨.៥អង្សាឡើងទៅ ហើយមានឈឺសាច់ដុំ ហើមកូនកណ្តុរ អស់កម្លាំងខ្លាំងជាដើម គឺសូមស្វែងរកពិនិត្យពិគ្រោះជំងឺ ជាមួយក្រុមគ្រូពេទ្យ ឬទូរស័ព្ទលើ១១៥ ដើម្បីស្វែងរកជួយគាំទ្រព្យាបាលឲ្យទាន់ពេលវេលា ហើយសំខាន់នៅពេលសង្ស័យកើត ឬកើតជំងឺអុតស្វានេះ គឺត្រូវបាននៅដាច់ដោយឡែកពីគេ ខណៈការឆ្លងជំងឺអុតស្វានេះ អាត្រា១០%គឺអាចបង្កអ្នកជំងឺស្លាប់បាន៕ អត្ថបទ៖ ស៊ុម សុខជា