ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក) បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីឱ្យសមាជិកទាំងអស់ បានជួបប្រជុំគ្នាជាលើកដំបូង និងបង្ហាញខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចកាលពីកន្លងទៅនេះ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងមួយចំនួន។
នៅក្រោយចប់កិច្ចប្រជុំ កាលពីរសៀលថ្ងៃ២៦ កក្កដា ឆ្នាំ២០២២នេះ ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមការអញ្ជើញជាអធិបតីរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្តលេខាប្រកាសដាក់ឱ្យប្រើ កាលពីខែតុលា ឆ្នាំ២០២១ និងបានធ្វើឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំង១០ មានច្បាប់ស្ដីពីការប្រកួតប្រជែងទាំងអស់គ្នា ដូចបានកំណត់ក្នុងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥ ហើយការអនុម័តច្បាប់នេះធ្វើឱ្យកម្ពុជាបានបំពេញកាតព្វកិច្ចមួយរបស់កម្ពុជាសម្រាប់អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ឯកឧត្តម បានឲ្យដឹងទៀតថា យោងតាមមាត្រា៤ នៃច្បាប់ស្ដីពីការប្រកួតប្រជែង តម្រូវឱ្យបង្កើតគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាអ្នកទទួលបន្ទុកដឹកនាំ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ហើយតាមការតម្រូវនេះ ប្រមុខរាជរដ្ឋាភិបាលសម្រេចចុះហត្ថលេខានៅខែកុម្ភៈកន្លងទៅ និងបានចេញសេចក្តីសម្រេចនៅខែកក្កដា នេះ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការនេះ ដែលមានសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ៥រូប ជាបុគ្គលឯករាជ្យ ក្នុងនោះជាអតីតចៅក្រម ១រូប, អ្នកសេដ្ឋកិច្ច ២រូប និងអ្នកច្បាប់ ២រូប ដែលឆ្លងកាត់តាមការជ្រើសរើស ហើយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការ ដើម្បីអនុញ្ញាតឱ្យគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ទទួលបាននូវសិទ្ធិពេលលេញក្នុងការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងដើរតួនាទីជាអ្នកស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ជាអ្នកធ្វើសេចក្ដីសម្រេចក្នុងការកំណត់ថា បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើភស្ដុតាងដែលផ្ដល់ដោយមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។
ដូចនេះ សមាសភាពខាងលើ តម្រូវឱ្យមានការចូលរួមពីបុគ្គលឯករាជ្យអតីតចៅក្រម អ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ ដែលមានជំនាញច្បាស់លាស់ចូលរួមធ្វើសេចក្ដីសម្រេចក្នុងការកំណត់បទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកបដោយភាពត្រឹមត្រូវនិងពេញលេញ។
ឯកឧត្តម សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព នឹងបង្កើតនូវទីលានប្រកួតប្រជែងប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីប្រកួតប្រជែងគ្នាតាមរយៈមធ្យោបាយផ្សេងៗ រួមមាន នវានុវត្តន៍ គុណភាពខ្ពស់ និងតម្លៃទាបនៃផលិតផលនិងសេវា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងធើ្វឱ្យមានកំណើនសេដ្ឋកិច្ចជាតិទៀតផង៕ អត្ថបទ៖ ឈិត បូរ៉ាវី