សហរដ្ឋអាមេរិក៖ ផែនការរបស់ប្រធានសភាលោកស្រី Nancy Pelosi ក្នុងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ បានជំរុញឲ្យមានការរួបរួមខាងនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន តាមរយៈការផ្សះផ្សាភាពមិនចុះសម្រុងគ្នាកាលពីថ្មីៗជាមួយប្រធានាធិបតីលោក Joe Biden ជុំវិញដំណើរទស្សនកិច្ចទៅកាន់កោះស្វ័យគ្រប់គ្រង ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋដ៏លេចធ្លោ ផ្តល់ការលើកទឹកចិត្តដល់គូប្រជែងនយោបាយដែលពួកគេតែងតែនិយាយចំអក។
អ្នកគាំទ្ររបស់លោកស្រី Pelosi រួមមានសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋអភិរក្សនិយម ដែលរួមមានទាំងអតីតមន្ត្រីរដ្ឋបាលលោក Donald Trump ពីររូប និងប្រធានសភាចុងក្រោយដែលបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ ពួកគេកំពុងជំរុញឲ្យលោក Biden គាំទ្រដំណើរទស្សនកិច្ចនេះ ទោះបីជាប្រទេសចិនគំរាមឆ្លើយតបដោយកម្លាំងក៏ដោយ។ លោក Biden មិនបាននិយាយជាសាធារណៈថា លោកស្រី Pelosi មិនគួរទៅនោះទេ។ លោកបានរិះគន់ចំពោះការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន ជាផ្នែកសំខាន់នៃគោលនយោបាយការបរទេសរបស់លោក ប៉ុន្តែទំនាក់ទំនងរវាងលោក Biden និងចិនមានភាពស្មុគស្មាញ ហើយលោកបានព្យាយាមបញ្ចៀសភាពតានតឹងដែលកាន់តែធ្ងន់ធ្ងរ។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួន និងបានលើកឡើងពីបំណងប្រាថ្នាក្រសោបយកវិញដោយប្រើកម្លាំង។
សេតវិមានកំពុងរៀបចំសម្រាប់ការសន្ទនាតាមទូរស័ព្ទមួយផ្សេងទៀតរវាងលោក Biden និងប្រធានាធិបតីចិនលោក Xi Jinping ជាការសន្ទនាដែលប្រធានាធិបតីសហរដ្ឋអាមេរិករំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍នេះ។ ការគាំទ្រកើនឡើងជំរុញឱ្យលោក Biden គាំទ្រលោកស្រី Pelosi ជាសាធារណៈកំពុងបង្កើនហានិភ័យ ដែលលោកប្រធានាធិបតីអាចត្រូវបានគេគិតថា មានភាពតឹងតែងមិនគ្រប់គ្រាន់សម្រាប់ប្រទេសចិន។ ប្រធានសភាលោកស្រី Pelosi គួរតែទៅកោះតៃវ៉ាន់ ហើយប្រធានាធិបតីលោក Biden គួរតែបញ្ជាក់ឱ្យបានច្បាស់ចំពោះលោក Xi Jinping ថា គ្មានរឿងអាក្រក់ដែលបក្សកុម្មុយនិស្តចិនអាចធ្វើអំពីរឿងនេះនោះទេ៕
អត្ថបទ៖ ប៊ុនថន