ស្ទឹងត្រែង៖ បសុពេទ្រ កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី នៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយមន្ត្រីជំនាញ បានអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ក្នុងការកែប្រែការចិញ្ចឹមគោក្របី ដើម្បីលើកស្ទួយជីវភាព។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងទូទាំងខេត្ត មានសត្វគោ ៣១.៣០២ក្បាល ក្របី ចំនួន៣៧.៣៥០ក្បាល ក្នុងនោះ ស្រុកសេសាន មាន សត្វគោ ចំនួន៦.៩៥៣ក្បាល និងសត្វក្របី ៨.១៥៥ក្បាល។
លោក បានបញ្ជាក់ថា ការចុះចាក់វ៉ាក់សាំងសត្វគោ ក្របី នៅពេលនេះ គឺជាផ្នែកមួយ នៃការការពារ ជំងឺផ្សេងៗទៀត តែទោះជាយ៉ាងនេះក្ដី ក៏ត្រូវការថែទាំពីម្ចាស់សត្វគោ ក្របី ដែរ។
បើសិនមានការសង្ស័យថា សត្វទាំងនោះ មានកើតជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារពេទ្យសត្វភូមិ ចៀសវាងបង្កឱ្យមាន ជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។
លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង បានណែនាំដល់ប្រជាកសិករ គួរតែកែប្រែពីការចិញ្ចឹម គោជាលក្ខណៈគ្រួសារ ទៅជាការចិញ្ចឹមគោពាក់កណ្តាលឧស្សហកម្មវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារធានាបានទាំងគុណភាព សុវត្ថិភាព និងអនាម័យ។
គុណប្រយោជន៍ នៃការបង្កាត់ពូជសិប្បនិម្មិត ដែលក្នុង នោះទាំងចំណេញពេល និងកម្លាំងពលកម្ម អត្រានៃការបង្កកំណើតខ្ពស់ និងកាត់បន្ថយជំងឺឆ្លង។
លោកបានណែនាំដល់ប្រជាកសិករចិញ្ចឹមសត្វគោក្របីទាំងអស់ ត្រូវរៀបចំឲ្យក្រោលគោ ក្របី ឲ្យ បានត្រឹមត្រូវ ចៀសវាងការលែងឲ្យដើរពាសវាលពាសកាល ធ្វើឲ្យបាត់បង់ ពិសេសអាចកើតនៅជំងឺឆ្លងផ្សេងៗ ដោយមិនមានវិធានការទាន់ពេលវេលា៕ អត្ថបទ៖ មាស ផល្លា