រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti បានចេញផ្សាយវីដេអូកាលពីថ្ងៃអង្គារ ដែលបង្ហាញពីអគ្គិភ័យនៅឃ្លាំងស្តុកប្រេងមួយកន្លែងក្នុងទីក្រុង Donetsk។ ទីភ្នាក់ងារនិយាយថា អគ្គិភ័យនេះបណ្ដាលមកពីការបាញ់ផ្លោងកាលពីពេលយប់ ដោយកងកម្លាំងអ៊ុយក្រែនប្រើប្រាស់កាំភ្លើងធំផ្លោង M777 ផលិតនៅសហរដ្ឋអាមេរិក។
យោងតាមទិន្ន័យបឋមបានឲ្យដឹងថា គ្មានអ្នករងរបួសនោះទេក្នុងហេតុការណ៍នេះ ហើយសារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យនោះដែរ។ ទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញពីការបំផ្លាញដោយការបាញ់ផ្លោងនៅទីតាំងឃ្លាំងស្តុកប្រេង និងការបាញ់ផ្លោងទៅលើអគារលំនៅឋាននៅក្នុងទីក្រុង Donetsk។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃអង្គារថា ទាហានស៊ីឈ្នួលបរទេសជាង ៤០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយមីស៊ីលស៊ីបគោលដៅសមត្ថភាពខ្ពស់ និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅជិតភូមិ Kostiantynivka ក្នុងក្រុង Donetsk។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការវាយប្រហារត្រូវបានចាប់ផ្តើមពីចំណុច ដាក់ពង្រាយបណ្តោះអាសន្ននៃអង្គភាពទាហានស្ម័គ្រចិត្តបរទេស។ លោកមិនបានប្រាប់ពីទីតាំងច្បាស់លាស់នោះទេ ប៉ុន្តែបាននិយាយថា ការវាយប្រហារបានធ្វើឱ្យកងអង្គភាពកាំភ្លើងធំ នៃកងកម្លាំងប្រដាប់អាវុធប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញ។ លោក Konashenkov និយាយថា កងពលនេះបានបាត់បង់ជីវិតទាហានជាង ៧០% និងអាវុធរបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន