បាល់ទាត់៖ អតីតកីឡាករនៅក្របខណ្ឌ English Premier League ពីររូបរួមមាន Jermain Defoe និង Yaya Toure នឹងចូលរួមជាមួយក្លិបបាល់ទាត់ Tottenham Hotspur ក្នុងតំណែងគ្រូបង្វឹកនៃក្រុមយុវជនរបស់ក្លិប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស London Evening Standard។

អតីតខ្សែប្រយុទ្ធអង់គ្លេស Jermain Defoe ទើបតែចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់កាលពីខែមីនាកន្លងទៅ ក្រោយបញ្ចប់អាជីពជាមួយក្លិប Sunderland តែក៏ធ្លាប់មានបទពិសោធជាមួយការងារជាគ្រូបង្វឹកខ្លះដែរនៅក្លិបស្កុតឡេន Glasgow Rangers ជាមួយ Steven Gerrard។ រំលឹកថា Jermain Defoe ធ្លាប់បង្ហាញខ្លួនសរុបដល់ទៅ ៣៦៣ ប្រកួតជាមួយ Spurs ក្នុងអាជីពពីរលើកនៅក្លិបទីក្រុងឡុងដ៍មួយនេះ។
ចំណែកឯអតីតខ្សែបំរើ Manchester City, Yaya Toure មានការងារជាគ្រូបង្វឹកក្រុមយុវជនថ្នាលស្រាប់នៅ Spurs តែជាការងារក្រៅម៉ោង តែពេលនេះ Spurs សំរេចតែងតាំង Toure ឱ្យធ្វើការពេញម៉ោងតែម្តង។ រំលឹកថា Yaya Toure ត្រូវបានគេស្គាល់ថាជាខ្សែបំរើកំពូលម្នាក់នៅក្របខណ្ឌអង់គ្លេស Premier League ដោយធ្លាប់ឈ្នះជើងឯក Premier League បីលើកក្នុងរយៈពេល ៨ រដូវកាលជាមួយ Manchester City៕
អត្ថបទ៖នាង សុភាវុធ