កំពង់ឆ្នាំង ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា ឆ្នាំ២០២២ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត។
ឯកឧត្ដមអភិបាលខេត្តបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ជាពិសេស មួយរយៈចុងក្រោយនេះ បានរួមកម្លាំងគ្នាចុះអនុវត្តការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន បន្តចុះអនុវត្តការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ និងបន្តចុះកំណត់អត្តសញ្ញាណដីលំនៅឋាន ស្ថិតនៅផ្នែកខាងកើតផ្លូវជាតិលេខ៥ និងទីតាំងមួយចំនួនទៀត ដើម្បីលើកសំណើសុំគោលការណ៍ពីរាជរដ្ឋាភិបាល បន្តពង្រឹង ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្តចុះបង្ក្រាបបទល្មើសនេសាទ បន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះមហន្តរាយ ពិសេសជំនន់ទឹកភ្លៀង និងឆ្លើយតបឲ្យបានទាន់ពេលវេលា បន្តយកចិត្តទុកដាក់កែលម្អ លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន យកចិត្តទុកដាក់ត្រួតពិនិត្យ និងចាត់វិធានការចំពោះសំណង់គ្មានច្បាប់អនុញ្ញាត ជំរុញការងាររៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេល៥ឆ្នាំ និងការងារសំខាន់ៗមួយចំនួនទៀត៕ អត្ថបទ ៖ ហុង វាស្នា






