ភ្នំពេញ ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Sean Burnke នាយកកម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារៈទាំងនេះពិតជាបានចូលរួមពន្លឿនដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ លោកបន្តទៀតថា កម្មវិធី HDR&D បានផ្តល់សម្ភារៈបច្ចេកវិទ្យានេះគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អង្គការ HALO Trust អង្គការ MAG និងអង្គការ NPA ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអោយលោក Sean Burnke នាយកកម្មវិធី បន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ៕






