បាល់ទាត់៖ ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមសូលទីឡូអង្គរដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ សម្រាប់វគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) ឆ្នាំ២០២២ នៅកីឡដ្ឋានហនុមានកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដាម្សិលមិញ។
ជំនួបដ៏ជក់ចិត្តនេះ ក្រុមទាំងពីរបានរក្សាលទ្ធផល ០-០ នៅវគ្គទី១ មុនកីឡាករ ឡុង ភារ៉ាត រកបាន ១គ្រាប់ឲ្យក្រុមព្រះខ័នរាជស្វាយរៀងនៅនាទី៦៦ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះដែរ បន្ទាប់ពីក្រុមទាំងពីរ ព្យាយាមស្វែងរកគ្រាប់បាល់បន្ថែមតែមិនបានសម្រេច។ យ៉ាងណាក្ដីក្រុមទាំងពីរត្រូវជួបគ្នាម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ ដែលការប្រកួតជើងទី២ នេះក្រុមព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរវិញម្ដងនាថ្ងៃទី១០ ខែសីហាខាងមុខនៅកីឡដ្ឋានខេត្តស្វាយរៀង៕
អត្ថបទ៖ លី ឈុនឡា