អាស៊ានប៉ារ៉ាហ្គេម៖ ទង់ជាតិកម្ពុជា រួមជាមួយទង់ជាតិបណ្ដាប្រទេសអាស៊ានផ្សេងទៀត បានប្រារព្ធពិធីបង្ហូតឡើងរួចរាល់នៅកីឡដ្ឋាន STADION MANAHAN នៃទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា មុនពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ។
ពិធីបង្ហូតទង់ជាតិ និងការទទួលស្វាគមន៍ពីសំណាក់ម្ចាស់ផ្ទះឥណ្ឌូនេស៊ីនេះ សម្រាប់ប្រតិភូកីឡាកម្ពុជាគឺដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម អមជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកជនពិការ ១០រូបទៀតដែលត្រូវបានអនុញ្ញាតឲ្យចូលរួមអបអរសាទរពិធីនេះ ដ្បិតការចូលរួមត្រូវបានកំណត់ដើម្បីការពារជំងឺកូវីដ-១៩។ ឯកឧត្តម យី វាសនា មានប្រសាសន៍ថា មកទល់ពេលនេះដំណើរការរៀបចំរបស់ម្ចាស់ផ្ទះ ពិសេសការត្រៀមលក្ខណៈរបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាគឺមានភាពល្អប្រសើរ ទាំងការស្នាក់នៅ-ហូបចុក និងការហ្វឹកហាត់ត្រៀមជាដើម។ អ្វីដែលពិសេសបន្ទាប់ពីទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើង ជាមួយទង់ជាតិបណ្ដាប្រទេសសមាជិកផ្សេងៗ ឯកឧត្តមបានបង្ហាញនូវមោទនភាពក្នុងការបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់នេះ។
សូមបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជាចំនួន ១៧៩នាក់លើ ១១ប្រភេទកីឡា បានធ្វើដំណើរឆ្ពោះទៅទីក្រុងសូឡូតាមយន្ដហោះពិសេស ដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២៦ ខែកក្កដាកន្លងទៅ ដោយមានការជូនដំណឹងផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ នេះគឺជាបេសកកម្មដ៏សំខាន់របស់ប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ដែលមិនត្រឹមចូលរួមប្រកួតប្រជែងស្វែងរកឧត្តមភាព និងមេដាយជូនជាតិនោះទេ តែក៏ជាការចូលរួមដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ក្នុងលក្ខខណ្ឌបច្ចេកទេស ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះបន្ដវេនសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា