រុស្ស៊ី៖ ក្រោយការបញ្ជាក់ថា ខ្លួនមានគម្រោងចាកចេញពីភាពជាដៃគូនៅស្ថានីយអវកាសអន្តរជាតិក្រោយឆ្នាំ២០២៤ ប្រធានសាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos បានប្រាប់អង្គការ NASA ថា ខ្លួនមានបំណងបន្តនៅក្នុងកម្មវិធីនេះរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៨ នេះបើយោងតាមសារព័ត៌មាន Reuters។
កម្មវិធីអវកាស Roscosmos គ្រោងនឹងបន្តរួមការងារជាមួយស្ថានីយអវកាសអន្តជាតិ រហូតដល់ស្ថានីយអវកាសថ្មីរបស់រុស្ស៊ីសាងសង់រួច និងដំណើរការនៅឆ្នាំ២០២៨ តាមកាលកំណត់។ កម្មវិធីអវកាស Roscosmos បានបង្កឲ្យមានភាពច្របូកច្របល់កាលពីម្សិលមិញ នៅពេលប្រធានទើបតែងតាំងថ្មីរបស់ខ្លួនលោក Yuri Borisov បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ការសម្រេចចិត្តមួយបានធ្វើឡើងក្នុងការចាកចេញ ពីភាពជាដៃគូស្ថានីយអវកាសអន្តរជាតិក្រោយឆ្នាំ២០២៤។
ទោះយ៉ាងណាក៏ដោយសេចក្ដីថ្លែងការណ៍នេះមិនច្បាស់លាស់ និងពុំបានបញ្ជាក់ថា នៅពេលណាកម្មវិធីអវកាស Roscosmos គ្រោងនឹងចាកចេញនៅឆ្នាំ២០២៤ គ្រាន់តែនិយាយថា រុស្ស៊ីសង្ឃឹមថានឹងផ្ដោតទៅលើស្ថានីយអវកាសថ្មី ដែលខ្លួនកំពុងសាងសង់ហៅថា ជាស្ថានីយផ្ដល់សេវាគន្លងតារាវិថីរបស់រុស្ស៊ី (ROSS)។ មន្ត្រីអង្គការ NASA ម្នាក់បានអះអាងថា ទីភ្នាក់ងារនេះពុំទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីកម្មវិធីអវកាស Roscosmos ខណៈដែលប្រធានរដ្ឋបាល NASA លោក Bill Nelson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ទីភ្នាក់ងារនេះពុំបានដឹងពីការសម្រេចចិត្តណាមួយពីបណ្ដាដៃគូ នៅលើស្ថានីយអវកាសអន្តរជាតិនោះទេ៕
អត្ថបទ៖ សុខមាន