អ៊ុយក្រែន៖ ជោគវាសនានៃរោងចក្រថាមពលធំបំផុតទី២ របស់អ៊ុយក្រែនកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយកងកម្លាំងគាំទ្រដោយរុស្ស៊ីបានអះអាងពីការដណ្ដើមបានការគ្រប់គ្រង ប៉ុន្តែក្រុង Kyiv ពុំបានបញ្ជាក់ពីការចូលកាន់កាប់របស់រុស្ស៊ីនោះទេ ដោយគ្រាន់តែនិយាយថា ការវាយប្រយុទ្ធគ្នានៅក្បែររោងចក្រនោះនៅតែបន្ត។

ការដណ្ដើមកាន់កាប់រោងចក្រថាមពលដំណើរដោយធ្យូងថ្មសម័យសហភាពសូវៀត នៅប្រទេសអ៊ុយក្រែនភាគខាងកើត នឹងក្លាយជាការមានប្រៀបខាងយុទ្ធសាស្ត្រលើកដំបូងរបស់ក្រុង Moscow ក្នុងរយៈពេលជាង ៣សប្ដាហ៍មកនេះ នូវអ្វីដែលខ្លួនហៅថាជាប្រតិបត្តិការសឹកពិសេស ដើម្បីធ្វើឲ្យប្រទេសជិតខាងរបស់ខ្លួនមួយនេះក្លាយជាប្រទេសគ្មានកងទ័ព និងលុបបំបាត់របបណាស៊ីនិយម។ ទាហានរុស្ស៊ី និងកងកម្លាំងគាំទ្រដោយរុស្ស៊ីបានកំពុងប្រឹងប្រែងវាយរុលទៅមុខដោយថ្មើរជើង ចាប់តាំងពីការដណ្ដើមបានទីក្រុង Lysychansk ភាគខាងកើតអ៊ុយក្រែនកាលពីដើមខែកក្កដានេះ។
វីដេអូមិនអាចផ្ទៀងផ្ទាត់បាន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធ ទំនងជាបង្ហាញពីក្រុមអ្នកប្រយុទ្ធចេញពីក្រុមហ៊ុនយោធាឯកជន Wagner របស់រុស្ស៊ីកំពុងស្ថិតនៅសមរភូមិជួរមុខនៃរោងចក្រថាមពល Vuhlehirsk ដែលសារព័ត៌មានរដ្ឋរុស្ស៊ីមួយចំនួនសំអាងប្រភពពីក្រុមមន្ត្រីគាំទ្រដោយរុស្ស៊ី បានរាយការណ៍ពីការវាយសម្រុកចូលក្នុងរោងចក្រនោះដាច់ដោយឡែកពីគ្នា៕
អត្ថបទ៖ សុខមាន