បាល់ទាត់៖ ខ្សែការពារកណ្តាលអាហ្សង់ទីន Lisandro Martinez បានផ្លាស់មកកាន់ក្រុមបិសាចក្រហម Manchester United ជាផ្លូវការហើយផ្ទេរពីក្លិបហូឡង់ Ajax Amsterdam ក្នុងតម្លៃ ៥៧លានផោន។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំនៅ Old Trafford អមជាមួយលក្ខខណ្ឌបន្តបន្ថែម។
នេះជាការរួបរួមគ្នាម្តងទៀតរបស់ Lisandro Martinez ជាមួយអ្នកចាត់ការ Erik ten Hag ដែលធ្លាប់នាំយកកីឡាករអាហ្សង់ទីនរូបនេះទៅកាន់ Ajax កាលពីឆ្នាំ២០១៩។ Martinez បង្ហាញខ្លួនបាន ១២០ប្រកួតឱ្យ Ajax បន្ទាប់ពីផ្ទេរពីក្លិបអាហ្សង់ទីន Defensa y Justicia ក្នុងតម្លៃ ៦.៣លានផោនកាលពីឆ្នាំ២០១៩ និងធ្លាប់លេងឱ្យក្លិប Newell’s Old Boys នៅអាហ្សង់ទីនផងដែរ។ Lisandro Martinez បានក្លាយជាកីឡាករទី២ ដែលផ្លាស់មកកាន់ Manchester United ពី Ajax ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag បន្ទាប់ពីខ្សែការពារហូឡង់ Tyrell Malacia ផ្ទេរពី Ajax ផងដែរក្នុងតម្លៃ ១៣លានផោន។ សូមបញ្ជាក់ថា Lisandro Martinez ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអាហ្សង់ទីន ៧លើក និងបានផ្លាស់មកកាន់ Ajax កាលពីឆ្នាំ២០១៩ បង្ហាញខ្លួនបាន ១២០ប្រកួត៕
អត្ថបទ៖នាង សុភាវុធ