ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានថ្លែងអះអាងថា ការធ្វើវិសោធនកម្មច្បាប់លើកទី១០ គឺមិនបានធ្វើឲ្យប៉ះពាល់សិទ្ធអំណាចរបស់តំណាងរាស្រ្តក្នុងរបបសម្ព័ន្ធនិយមរបស់រដ្ឋសភាប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ ខណៈការធ្វើនេះ គឺដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា លើកទី៧ នីតិកាលទី៦ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នោវិមានរដ្ឋភា។
ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ គឺបានអនុវត្តយ៉ាងត្រឹមត្រូវ គោរពបាននូវគោលការណ៍គ្រឹះនៃរបបរដ្ឋធម្មនុញ្ញ ហើយការធ្វើវិសោធនកម្មមួយចំនួនលើកទី១០នេះ គឺដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជនទាំងមួល ខណៈការមិនយល់ព្រម និងមានការរិះគន់របស់គណបក្សនយោបាយមួយក្តាប់តូចគឺដើម្បីតែផលប្រយោជន៍របស់គណបក្សខ្លួន និងមិនមែនជាមនុស្សសភានិយម។
ឯកឧត្តម បានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមទៀតថា ការលើកឡើងរបស់គណបក្សមួយចំនួនដែលគ្មានសំឡេងក្នុងរដ្ឋភាទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់លើកទី១០នេះ ជាការលើកឡើងដោយមិនត្រឹមត្រូវ ជាការលើកឡើងដោយមិនយល់ដឹងច្បាស់លាស់ ទាំងមិនយល់លើខ្លឹមសារពិតប្រាកដ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ និងទាំងលើប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយមជាដើមនោះ៕ អត្ថបទ៖ បាន ចក់







