វាយកូនបាល់៖ ជើងឯករង Grand Slam, Wimbledon ថ្មីៗកីឡាករអូស្ត្រាលី Nick Kyrgios បានសំរេចដកខ្លួនចេញពីការប្រកួតកម្មវិធី ATP Atlanta Open ដោយសាររបួសជង្គង់។ Nick Kyrgios បានយកឈ្នះការប្រកួតនៅ Atlanta Open នេះជុំទី១ ក្នុងវិញ្ញាសាវាយគូចាប់ដៃគូជាមួយមិត្តរួមជាតិអូស្ត្រាលី Thanasi Kokkinakis ហើយក៏រងរបួសជង្គង់មិនអាចចូលរួមការប្រកួតឯកត្តជនបាន។

Nick Kyrgios ដែលជាជើងឯក Atlanta Open នេះកាលពីឆ្នាំ២០១៦ នោះនឹងត្រូវជំនួសដោយកីឡាករបារាំង Adrian Mannarino ដែលជាអ្នកមានសំណាងពីបរាជ័យនៅវគ្គជំរុះ។ សូមបញ្ជាក់ថា កីឡាករលំដាប់កំពូលរបស់អូស្ត្រាលី Nick Kyrgios កំពុងមានទំរង់លេងក្នុងឆ្នាំ២០២២ នេះតាមរយៈការឈានឡើងវគ្គផ្តាច់ព្រ័ត្រ Wimbledon ជាលើកដំបូងតែចាញ់កីឡាករស៊ែប Novak Djokovic។ កីឡាករវ័យ ២៧ឆ្នាំរូបនេះក៏បានឈ្នះជើងឯក Grand Slam, Australian Open ផងដែរកាលពីខែមករាក្នុងវិញ្ញាសាវាយគូបុរសជាមួយនឹង Thanasi Kokkinakis។ Nick Kyrgios នឹងមានកាលវិភាគប្រកួតជាច្រើនកម្មវិធីទៀតរួមមាន Western & Southern Open, Cincinnati Open, Ohio Open ដើម្បីត្រៀម Grand Slam ចុងក្រោយប្រចាំឆ្នាំ US Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហានេះ៕
អត្ថបទ៖នាង សុភាវុធ