ភ្នំពេញ៖ លោកជំទាវ នេត្រ ភូម៉ារី បានបញ្ជាក់ថា បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាយើងនេះ បានជម្រុញឲ្យភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងតាមសមត្ថកិច្ច និងលទ្ធភាពរៀងៗខ្លួន។
ការថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ចូលរួមទាំងអស់គ្នាលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍» រៀបចំដោយគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកជំទាវ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាអ្នកទទួលបន្ទុកផ្ទាល់លើសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែតើយើងត្រូវរងចាំមើលបំណាំឲ្យស្ថាប័នមួយនេះធ្វើតែឯកឯង ឬយ៉ាងណា? អត់ទេ យើងត្រូវរួមគ្នា ធ្វើឲ្យស្រុះគ្នាក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នេះ។
ជាមួយគ្នានោះដែរឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ឆ្នាំនេះជាលើកទី៤ហើយ ដែលគណៈកម្មាធិការបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីធ្វើការផ្សព្វផ្សាយសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបចំពោះការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ដែលយើងលើកយកប្រធានបទមួយមានខ្លឹមសារ «ចូលរួមទាំងអស់គ្នាលុបបំបាត់មេរោគអេដស៍ នឹងជំងឺអេដស៍»។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០២៥ ដែលមានអត្ថន័យថា ជំងឺអេដស៍លែងក្លាយជាគ្រោះគំរាមកំហែងសម្រាប់ប្រជាជនកម្ពុជាតទៅទៀតហើយ។
អាស្រ័យហេតុនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយនិងក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងអស់ រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរួមគ្នាជាធ្លុងមួយក្រោមគោលការណ៍បី«១» និងយុទ្ធសាស្រ្តទ្វេគុណ ដើម្បីពន្លឿននូវការបង្ការ ព្យាបាល និងគាំទ្រទៅដល់ភូមិសាស្រ្ត និងក្រុមគោលដៅបានទាំងស្រុង និងគ្រប់ជ្រុងជ្រោយដោយមិនទុកនរណាម្នាក់ឲ្យនៅឯការឡើយ៕
អត្ថបទ រដ្ឋា