ភ្នំពេញ៖ រយៈពេល ២៧ថ្ងៃកន្លងមកនេះ មានអាជីវកម្មទេសចរណ៍ចំនួន ៥៦អាជីវកម្ម ត្រូវបានធនាគារSME អនុម័តផ្តល់ឥណទាន មានទំហំថវិកាជាង ៧លាន៦សែនដុល្លាអាមេរិក ខណៈមានអាជីវកម្មទេសចរណ៍ជាច្រើនទៀត មិនអាចស្នើសុំកម្ចីនេះបាន ដោយសារលក្ខណះរបាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្ម ។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែកក្កដានេះថា នៅពេលនេះមានអាជីវកម្មទេសចរណ៍តិចតួចណាស់បានទៅទទួលបា្រក់កម្ចីនេះ ដោយយសារឥណទានសហហិរញ្ញប្បទានស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ គឺហាក់មានលក្ខខ័ណ្ឌតឹងរ៉ឹង ជាពិសេសការទាមទាររបាយការណ៍ហិរញ្ញវត្ថុពីអាជីវកម្មទេសចរណ៍ ដែលជាកត្តាបង្កការរាំងស្ទះ ដល់អាជីវកម្មទេសចរណ៍ ។
លោកបណ្ឌិត លឹម អូន ប្រធានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា នៅពេលនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងពិចារណា លើការបន្ធូបន្ថយលក្ខខណ្ឌ ផ្តល់ប្រាក់កម្ចីពីគម្រោងសហហិរញ្ញប្បទានរាជរដ្ឋាភិបាលដើម្បីអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជាបង្កើនទុនឲ្យខ្ចីលើសពី៤០លានដុល្លាអាមេរិច ពង្រីកការពន្យាពេលបង់ការប្រាក់រហូតដល់២ឆ្នាំ និងពង្រីករយៈពេលបង់ប្រាក់សងត្រឡប់វិញពីចំនួន៧ឆ្នាំរហូតដល់១០ឆ្នាំដើម្បីជួយសម្រាលឲ្យការបង់ប្រាក់សងត្រឡប់មានចំនួនតិចតួចជាដើម។
លោក បណ្ឌិត លឹម អូន បន្តថា យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយលក្ខខណ្ឌនិងលើកទឹកចិត្ត និងបន្ថយពិន្ទុសម្រាប់អាជីវកម្មទេសចរណ៍ដែលដុនដាបខ្លាំង ហើយតាមរយៈបន្ធូរបន្ថយលក្ខខណ្ឌនេះបានធ្វើឲ្យអាជីវកម្មទេសចរណ៍ចំនួន៥៦អាជីវកម្មគឺបានទទួលកម្ចីឥណទាននៅតាមបណ្តាធនាគារដៃគូចំនួន៧ធនាគារ ក្នុងចំណោមធនាគារជាដៃគូចំនួន១៩ធនាគារ និងមានអាជីវកម្មនានាបាននិងកំពុងរៀបចំសំណើរសុំទទួលកម្ចីនេះ។
ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅពេលបច្ចុប្បន្នក្រសួងបានបង្កើតក្រុមការងារផ្សព្វផ្សាយនិងជួយស្តារអាជីវកម្មទេសចរណ៍ឲ្យងើបឡើងវិញតាមរយៈជួយសម្របសម្រួល និងធ្វើយ៉ាងណាឲ្យអាជីវកម្មអាចទទួលបានប្រាក់កម្ចីស្តារអាជីវកម្មទាំងអស់គ្នា និងមានលទ្ធភាពសងត្រឡប់ផងដែរ៕ អត្ថបទ ស៊ុម សុខជា

