វាយកូនបាល់៖ កីឡាកររុស្ស៊ី Ruben Rublev បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍វាយកូនបាល់ Miami Open ក្របខណ្ឌ ATP Tour នៅសហរដ្ឋអាមេរិកក្រោយជ័យជំនះលើកីឡាករក្រូអាស៊ី Marin Cilic។

កីឡាករលំដាប់លេខ៤ រុស្ស៊ីរូបនេះបានយកឈ្នះ Marin Cilic ដែលគេស្គាល់ថា ជាអ្នកចេញសេវាខ្លាំងជាមួយលទ្ធផល ២សិតផ្ទួនៗ ៦-៤ និង ៦-៤។ ជុំបន្ត Ruben Rublev នឹងត្រូវជួបជាមួយកីឡាករអាមេរិក Sebastian Korda ដែលបានយកឈ្នះកីឡាករអាហ្សង់ទីន Diego Schwartzman លទ្ធផលតានតឹង ៦-៣, ៤-៦ និង ៧-៥។ Sebastian Korda គឺជាកូនប្រុសបង្កើតរបស់លោក Petr Korda ដែលជាអតីតកីឡាករលំដាប់លេខ២ ពិភពលោកជំនាន់នៅជាកីឡាករអាជីព។
ចំណែកឯកីឡាករក្រិក Stefanos Tsitsipas ក៏បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយផងដែរ ក្រោយជ័យជំនះលើកីឡាករអ៊ីតាលី Lorenzo Sonego ៦-២ និង ៧-៦(៧-២)។ ជុំបន្តកីឡាករលំដាប់លេខ២ Stefanos Tsitsipas នឹងត្រូវជួបជាមួយកីឡាករប៉ូឡូញ Hubert Hurkacz ដែលបានយកឈ្នះកីឡាករលំដាប់លេខ១២ Milos Raonic របស់កាណាដា៕
អត្ថបទ៖នាង សុភាវុធ