បាល់ទាត់៖ ក្រុមបាល់ទាត់នារីអាល្លឺម៉ង់បានឈានឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអឺរ៉ុបក្រោយយកឈ្នះបារាំង ២-១ យប់មិញ។

ជើងឯក ៨សម័យអាល្លឺម៉ង់បានបើកការនាំមុខមុននៅនាទីទី៤០ ដោយ Alexandra Popp ដែលជាគ្រាប់ទី៥ ក្នុងប្រាំប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ មុនពេលដែលបារាំងតាមស្មើវិញមុនចប់វគ្គទី១ នាទីទី៤៤ ដោយបាល់ចូលទីខ្លួនឯងរបស់អ្នកចាំទី Merle Frohms។ តែអ្នកចាំទីអាល្លឺម៉ង់រូបនេះបានជួយសង្គ្រោះបាល់សំខាន់ៗ ៣លើករបស់បារាំង មុនពេលដែល Alexandra Popp តែតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៧៦ ដែលជាគ្រាប់ទី៦ របស់ខ្លួនក្នុងព្រឹត្តិការណ៍។
ជ័យជំនះនេះធ្វើឱ្យអាល្លឺម៉ង់ឈានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី៩ ពោលគឺឡើងវគ្គផ្តាច់ព្រ័ត្រ ៨លើកកន្លងមក អាល្លឺម៉ង់មិនដែលភ្លាត់ឡើយ។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ថ្ងៃទី៣១ ខែកក្កដានេះដោយនឹងអាចមានទស្សនិកជនចូលរួមទស្សនាសរុបដល់ ៨៧២០០នាក់ដែលចំនួនអតិបរមារបស់កីឡដ្ឋាន៕
អត្ថបទ៖នាង សុភាវុធ