ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគពីប្រទេសសិង្ហបុរី មានទុនវិនិយោគសរុប ១.៥ ប៊ីលានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២២នេះ ដែលគម្រោងទាំងនោះ ផ្តោតលើវិស័យ វិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗមួយចំនួនទៀត។
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោងវិនិយោគរបស់សិង្ហបុរី ចំនួន ១២៧គម្រោង មានទុនវិនិយោគសរុប ១.៥ ប៊ីលានដុល្លារ នៅក្នុងវិស័យទេសចរណ៍ កម្មន្តសាលហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ទិន្ន័យនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC តាមរយៈជំនួបតាមប្រព័ន្ធវីឌីអូ រវាងក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី ២៦កក្កដា ជុំវិញប្រធានបទ «ស្វែងយល់ពីកម្ពុជា ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» ។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន និងមានភាពអំណោយផល សម្រាប់វិនិយោគិនសិង្ហបុរី ចាប់យកឱកាសក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសា។
ឯកឧត្តម បញ្ជាក់បន្ថែមថា “វិនិយោគិនសិង្ហបុរីមានតួនាទីសំខាន់ចំពោះកម្ពុជា ជាពិសេសការរួមចំណែកស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានឆាប់រហ័ស”។ សិង្ហបុរី ស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា ដែលភាគច្រើនវិនិយោគទៅលើវិស័យ អចលទ្រព្យថាមពល ពាណិជ្ជកម្ម ម្ហូបអាហារ ការអប់រំ និងហិរញ្ញវត្ថុ។
ឮសូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី មានទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២។ ទំហំនេះ មានការធ្លាក់ចុះខ្លាំងក្នុងអត្រា ៣៨,២ភាគរយ បើធៀបនិងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានចំនួនជាង ៣,៣៦ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

