ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធ ទី៣១ ខែមីនាបានលើកឡើងថា ខ្លួនចង់បានការផ្លាស់ប្ដូរទៅរករបបលទ្ធិប្រជាធិបតេយ្យមួយ នៅក្នុងសហភាពមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា ប៉ុន្តែបានច្រានចោលការដាក់ទណ្ឌកម្ម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតចិន លោក Zhang Jun បានប្រាប់កិច្ចប្រជុំបិទទ្វារនេះថា ប្រទេសចិនសង្ឃឹមថា សហភាពមីយ៉ាន់ម៉ានឹងស្តារសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តជំរុញឲ្យមានការផ្លាស់ប្ដូរឆ្ពោះទៅរករបបលទ្ធិប្រជាធិបតេយ្យ ឬរបបលទ្ធិប្រជាធិបតេយ្យអន្តរកាលបណ្ដើរៗ។ លោកបានបញ្ជាក់ថា ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ ប្រសិនបើមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចលអូសបន្លាយនោះ វានឹងក្លាយជាគ្រោះមហន្តរាយមួយសម្រាប់មីយ៉ាន់ម៉ាខ្លួនឯង ក៏ដូចជាតំបន់ទាំងមូល។
លោកបន្ថែមថា ការដាក់សម្ពាធតែម្ខាង ហើយការអំពាវនាវឲ្យដាក់ទណ្ឌកម្ម ឬវិធានការបង្ខំផ្សេងទៀតនឹងធ្វើឲ្យមានភាពតានតឹង និងការប្រឈមមុខកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យស្ថានភាពនេះកាន់តែស្មុគស្មាញ ដែលនោះមិនមែនជាមធ្យោបាយស្ថាបនាទេ៕
អត្ថបទ៖ សុខមាន