ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅប្រទេសហ្វីលីពីន, នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាបជូនពីគោលបំណងនៃជំនួបនេះ គឺដើម្បីសុំតភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌ ដូចជារបាំ តន្រ្តី សៀវភៅ និងគ្រប់ទិដ្ឋភាពវប្បធម៌នានារបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានទំនាក់ទំនងល្អ ដើម្បីពង្រឹងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ លោកជំទាវ រដ្ឋមន្រី្ត បានជម្រាបជូនថា សកម្មភាពមួយចំនួនដែលប្រទេសកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំនាពេលខាងមុខ ហើយក៏សូមអញ្ជើញលោកជំទាវ ឯកអគ្គរដ្ឋទូត ចូលរួមដោយផ្តល់ជាអ្នកជំនាញ ឬក៏អ្នកតំណាងដើម្បីចូលរួមក្នុងកម្មវិធីដែលក្រសួងវប្បធម៌ រៀបចំសកម្មភាពវប្បធម៌នាពេលខាងមុខនេះ។
ទន្ទឹមនឹងលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា សូមអបអរសាទរ ដែលថ្មីៗនេះ កម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ ទទួលបានការវិលត្រឡប់មកវិញនូវវត្ថុបុរាណ ដែលមានការជួញដូរនាពេលកន្លងទៅ។ ក្នុងនោះគ្រប់សកម្មភាពវប្បធម៌ទាំងអស់ គឺលោកជំទាវ ឯកអគ្គរដ្ឋទូត នឹងសូមចាប់ផ្តើមអនុវត្តបន្តិចម្តងៗ ដើម្បីពង្រឹងសកម្មភាពការងារទំនាក់ទំនងលើវិស័យវប្បធម៌ឲ្យកាន់តែទូលំទូលាយឡើងរវាងនីហ្សេរីយ៉ា និងកម្ពុជា៕ អត្ថបទ ៖ រដ្ឋា







