កំពង់ស្ពឺ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ សាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរដែនដី បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ, លោក ម៉ម សម្បត្តិរត្ន័ម៉ានិត អនុប្រធានមន្ទីរសុខាភិបាលខេត្ត, មន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ រួមទាំងលោក លោកស្រីអាជ្ញាធរដែនដី សមាជិក ស.ស.យ.ក ស្រុកសំរោងទង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមខេត្ត និងប្រជាពលរដ្ឋសរុបជាង១០០នាក់។
ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា មូសខ្លាញី គឺជាប្រភពនៃការចម្លងជំងឺគ្រុនឈាម មក លើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ។ ម្យ៉ាងវិញ កត្តាមួយទៀតនោះ គឺបណ្ដាលមកពី មានព្រៃច្រើននៅជុំវិញផ្ទះ ផ្ទះបិទជិតមិនមានពន្លឺចេញ-ចូលល្អ មានវត្ថុដក់ទឹក សម្បកកំប៉ុង កង់ឡាន ជាដើមដែលជាកន្លែងជម្រកមូសខ្លា។ ទន្ទឹមនឹងនោះរោគសញ្ញាជំងឺគ្រុនឈាម រួមមាន៖ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី២៤ម៉ោង និងមានកន្ទួលក្រហម លើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រាណ។
ជាមួយគ្នានោះឯកឧត្តម អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនមានរោគសញ្ញា សង្ស័យជំងឺគ្រុនឈាម ត្រូវនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន។ ម្យ៉ាងទៀត ការពារកូនៗ ដែលទៅសាលារៀនតម្រូវស្លៀកពាក់អាវដៃវែង ខោជើងវែង ត្រូវដាក់ថ្នាំអាបេត នៅក្នុងពាងទឹក ឬដាក់ត្រី៧ពណ៌ឱ្យស៊ីដង្កូវទឹក និងសំអាតបរិស្ថានប្រភព នៃជម្រកមូសខ្លានៅក្នុងពាងទឹក ឬនៅក្នុងសម្បកកំប៉ុងនោះ និងត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ «ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោស សម្អាត ឱ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃឱ្យមានពន្លឺចេញ-ចូល ល្អ ដើម្បីកុំឱ្យមានមូសខ្លា ខាំ នៅពេល យើងសម្រាក នៅពេលថ្ងៃ ត្រូវគេងនៅក្នុងមុង ឬមុងជ្រលក់ថ្នាំ ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការឆ្លង ជំងឺគ្រុនឈាម ឬជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈមូសផងដែរ។
បើតាមលោក ម៉ម សម្បត្តិរត្ន័ម៉ានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៌ គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ មូសខ្លា មិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លា ពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបែតក្នុងពាង និងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕ អត្ថបទ ៖ រដ្ឋា









