អាស៊ានប៉ារ៉ាហ្គេម៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) ស្ដីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីបានសម្រេចលទ្ធផលជាវិជ្ជមាន ពិសេសគ្រប់សមាជិកគណៈកម្មាធិការប្រតិបត្តិសុទ្ធតែបានគាំទ្រ និងអបអសាទរកម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់នេះនាឆ្នាំ២០២៣ ខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដាម្សិលមិញដឹកនាំដោយលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ា គណៈកម្មការរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១១ របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងប្រតិភូបណ្ដាប្រទេសសមាជិក ១០ប្រទេសផ្សេងទៀត ក្នុងនោះក៏មានវត្តមានឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជាផងដែរ។ ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា កិច្ចប្រជុំមានរយៈពេលជាង ៥ម៉ោងនេះបានពិភាក្សាលម្អិតលើរបៀបវារៈសំខាន់ៗ និងបានសម្រេចផ្លែផ្កាជាច្រើនអំពីរបាយការណ៍ស្ដីពីការអភិវឌ្ឍឆ្នាំកន្លងមក ដោយកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនគួរឲ្យកត់សម្គាល់ សម្រាប់ចលនាកីឡាប៉ារ៉ាឡាំពិកក្នុងតំបន់ ទោះបីរងនូវវិបត្តិកូវីដ-១៩ ក៏ដូចជាការខកខានរៀបចំការប្រកួតម្ដងកាលពីឆ្នាំ២០១៩ នៅហ្វីលីពីនក៏ដោយ។
លើសពីនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអាស៊ានប៉ារ៉ា បានកោតសរសើរចំពោះការត្រៀមលក្ខណៈរួចរាល់ និងអស្ចារ្យរបស់កម្ពុជា ក្នុងការត្រៀមបន្ដវេនទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ដែលមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។ ការគាំទ្រ និងអបអរសាទរនេះ បន្ទាប់ពីកិច្ចប្រជុំបានស្ដាប់នូវការធ្វើបទបង្ហាញ ក៏ដូចជាវឌ្ឍនភាពរបស់កម្ពុជា។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងមុនពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាថ្ងៃទី៣០ ខែកក្កដាស្អែកនៅទីក្រុងសូឡូ ដែលព្រឹត្តិការណ៍នេះកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីលើ ១១ប្រភេទកីឡាទៅចូលរួម ដើម្បីប្រកួតប្រជែងស្វែងរកឧត្តមភាព និងមេដាយជូនជាតិផង ក៏ដូចជាចូលរួមសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍លើការងារបច្ចេកទេស ដើម្បីត្រៀមបន្ដវេនធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយផង៕
អត្ថបទ៖ លី ឈុនឡា