អូឡាំពិក៖ ខណៈដែលនៅសល់ជាង ៣០០ថ្ងៃប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នឹងចូលមកដល់ ទីក្រុងប៉េកាំងប្រទេសចិនដែលជាម្ចាស់ផ្ទះ បានប្រកាសពីការរៀបចំការប្រកួតសាកល្បងជាច្រើនប្រភេទកីឡានៅក្នុងកីឡដ្ឋាន ដែលនឹងប្រើប្រាស់ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។
កីឡដ្ឋានដែលចិននឹងប្រើប្រាស់ទាំងអស់នោះ នឹងត្រូវចាប់ផ្ដើមទទួលការប្រកួតសាកល្បងចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃទី១០ ខែមេសានេះ។ អត្តពលិក ៤៤៦នាក់ មន្ត្រីពាក់ព័ន្ធ ២៣២នាក់នឹងចូលរួមការប្រកួតសាកល្បងទាំងអស់នេះលើ ៥ប្រភេទកីឡា ៣៣វិញ្ញាសានៅកីឡដ្ឋាន Wukesong Sport Center, National Indoor Stadium, Capital Indoor Stadium, National Aquatics Center និងកីឡដ្ឋាន National Speed Skating Oval ដែលទើបសាងសង់រួម ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងទាំងអស់។
អត្តពលិកទាំងអស់ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ សុទ្ធសឹងតែមកពីក្នុងស្រុកទាំងអស់ មិនមានអ្នកមកពីក្រៅប្រទេសឡើយដោយសារវិបត្តិ Covid-19។ ថ្វីបើអ្នកចូលរួមសុទ្ធតែក្នុងស្រុកពិតមែន វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាល Covid-19 នៅតែធ្វើឡើងយ៉ាងតឹងរ៉ឺង និងការធ្វើតេស្តសមត្ថភាពសុខាភិបាល អំឡុងការរៀបចំព្រឹត្តិការណ៍កីឡាដែលមានមនុស្សចូលរួមច្រើនបែបនេះផងដែរ៕
អត្ថបទ៖នាង សុភាវុធ