បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona, Luis Suarez បានផ្លាស់ត្រលប់ទៅកាន់ក្លិបដើមរបស់ខ្លួននៅអ៊ុយរូហ្កាយ Nacional ជាផ្លូវការហើយក្រោយចាកចេញពី Atletico Madrid។ អ្នកគាំទ្រប្រមាណ ២ម៉ឺននាក់បានពាក់ស្រោមមុខរូប Suarez អំឡុងការប្រកួតរបស់ Nacional កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយដឹងដំណឹងថា អតីតខ្សែប្រយុទ្ធ Barcelona រូបនេះត្រលប់មកវិញ។
Suarez ក៏មានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបអាល្លឺម៉ង់ Borussia Dortmund ផងដែរតែការចរចាមិនត្រូវរ៉ូវគ្នា។ រំលឹកថា Luis Suarez បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០០៥ ជាមួយក្លិបអ៊ុយរូហ្កាយ Nacional នេះឈ្នះជើងឯកលីគកំពូលអ៊ុយរូហ្កាយ មុនពេលផ្លាស់ទៅកាន់ក្លិបហូឡង់ Groningen។ ក្រោយទំរង់លេងល្អក្នុងរដូវកាលដំបូង Ajax ក៏ទិញពី Groningen ក្នុងតម្លៃ ៧លានអឺរ៉ូរហូតឈ្នះជើងឯកហូឡង់ជាមួយ Ajax ក្រោយស៊ុតបញ្ចូលទីសរុប ៨១គ្រាប់ក្នុងការបង្ហាញខ្លួន ១១០ប្រកួត។
ឆ្នាំ២០១១ Luis Suarez បានផ្លាស់ទៅកាន់ Liverpool ក្នុងតម្លៃផ្ទេរ ២៣លានផោនស៊ុតបញ្ចូលទីបាន ៦៩គ្រាប់ក្នុងការបង្ហាញខ្លួន ១១០ប្រកួត មុនពេលផ្លាស់ទៅកាន់ Barcelona នៅឆ្នាំ២០១៤ ក្នុងតម្លៃផ្ទេរ ៦៥លានផោន។ Suarez បានចាប់ដៃគូប្រយុទ្ធជាមួយ Lionel Messi និង Neymar នៅ Barcelona ក្នុងរយៈពេល ៦ឆ្នាំបង្ហាញខ្លួនសរុប ១៩១ប្រកួតរកបាន ១៤៧គ្រាប់ឈ្នះជើងឯក La Liga បួនលើក Copa del Rey បួនលើក និង UEFA Champions League ១លើក មុនពេលផ្លាស់មកកាន់ Atletico Madrid ឈ្នះជើងឯក La Liga ម្តងទៀត៕
អត្ថបទ៖នាង សុភាវុធ