ភ្នំពេញ៖ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម យឿន យឿត បានប្រកាសគាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកម្ពុជានាថ្ងៃទី២៨ ខែកក្កដានេះ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

ឯកឧត្តមបានថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិមាតុភូមិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម យឿន យឿត ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយក្តាប់តូចថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងអំណាចក្នុងរដ្ឋសភាជាដើមនោះ។ ការលើកឡើងរបស់គណបក្ស និងសង្គមស៊ីវិលទាំងនោះគឺជាការលើកឡើងដោយមិនត្រឹមត្រូវនោះ៕ អត្ថបទ៖ បាន ចក់
