ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានជួបពិភាក្សាការងារមួយចំនួនជាមួយ លោក ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមនៅវិមានរដ្ឋសភា។
នៅក្នុងកិច្ចជំនួបនោះលោក ដុ វ៉ាន់ចៀន បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លងមកនេះ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។
លោកក៏បានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាសកលនេះយ៉ាងណាក្តី។
លោក ក៏បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន ១២ពាន់លានដុល្លារ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមនាពេលនេះ បង្ហាញពីការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ពិសេសរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាមឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ៕
អត្ថបទ៖ បាន ចក់



