សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានចំណាយពេលជាងពីរម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបសន្ទនាអំពីអនាគតនៃទំនាក់ទំនងដ៏ស្មុគស្មាញរបស់ប្រទេសទាំងពីរ ដោយផ្តោតលើបញ្ហាកោះតៃវ៉ាន់ដែលបានលេចចេញជាថ្មីម្តងទៀតថា ជាចំណុចសំខាន់នៃភាពតានតឹង។
យោងតាមការបញ្ជាក់អំពីកិច្ចសន្ទនាដែលផ្សព្វផ្សាយដោយទីក្រុងប៉េកាំង លោក Xi បានបញ្ជាក់ពីការអះអាងរបស់ប្រទេសចិន លើកោះស្វ័យគ្រប់គ្រងមួយនេះអស់ជាច្រើនទសវត្សរ៍មកហើយ។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាដោយស្មោះត្រង់លើទំនាក់ទំនងទ្វេភាគី និងបញ្ហានៃការព្រួយបារម្ភទៅវិញទៅមក។ ចំណុចសម្ពាធចុងក្រោយបំផុតគឺដំណើរទស្សនកិច្ចដ៏មានសក្តានុពល របស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យ និងទទួលបានការគាំទ្រផ្នែកការពារក្រៅផ្លូវការពីសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងចាត់ទុកដំណើរទស្សនកិច្ចបែបនេះថា ជាការបង្ករឿង ជាការគំរាមដែលមន្ត្រីសហរដ្ឋអាមេរិកកំពុងមានចំណាត់ការធ្ងន់ធ្ងរ ដូចករណីការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោក Xi បានប្រាប់លោក Biden ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះគំនិតផ្តាច់ខ្លួននិយមនៃឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ ហើយនឹងមិនអនុញ្ញាតឲ្យមានឱកាសបង្កើតកងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ ក្នុងរូបភាពណាមួយក៏ដោយ។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាអ៊ុយក្រែនផងដែរ។ ប្រធានាធិបតីលោក Joe Biden និងសមភាគីចិនលោក Xi Jinping បានព្រមព្រៀងកំណត់ពេលជំនួបកំពូលដោយផ្ទាល់ជាលើកដំបូង ក្នុងអំឡុងពេលការសន្ទនាទូរស័ព្ទក្នុងពេលមានភាពតានតឹងនេះ ប៉ុន្តែនៅមិនទាន់មានព័ត៌មានលម្អិតអំពីពេលវេលា ឬទីតាំងនៅឡើយនោះទេ៕
អត្ថបទ៖ ប៊ុនថន