
ភ្នំពេញ៖ កម្មវិធីល្ខោនខ្មែរ គឺជាកម្មវិធីប្រឡងប្រណាំងស្នាដៃល្ខោនខ្មែរគ្រប់ទម្រង់ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ហើយចំពោះរដូវកាលទី១នេះ គឺជាការប្រកួតប្រជែងទៅលើវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» ទទួលបានការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសហការផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ BTV។
អ្វីដែលរឹតតែពិសេសជាងនេះ ដើម្បីឱ្យការវាយតម្លៃសមត្ថភាពរបស់បេក្ខជន ដែលចូលរួមប្រកួតប្រជែងប្រព្រឹត្តទៅដោយមានភាពសុក្រឹត និងយុត្តធម៌ កម្មវិធីល្ខោនខ្មែរបានអញ្ជើញនូវគណៈកម្មការ ៤ រូប ដែលសុទ្ធសឹងតែជាវីរសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យដែលមានបទពិសោធន៍យ៉ាងចាស់វស្សាលើវិស័យសិល្បៈ និងវប្បធម៌ រួមមាន៖
១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង៖ ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្ត្រា ចារ្យ បង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកគ្រូមានឯកទេសតួស្វា។
(២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន៖ មានឯកទេសនាយរោង។ ព្រឹទ្ធាចារ្យរាជបណ្ឌិតសភា ប៉ែន សុខហួន កំពុងបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ។
៣). លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី៖ ជាអនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មានស្របពេលដែលឯកទេសរបស់លោកជាតួយក្ស អ្នកគ្រូក៏អាចរាំតួនាង និងតួនាយរោងផងដែរ។
(៤). លោកស្រីសាស្រ្តាចារ្យ សំ សត្យា៖ មានឯកទេសតួនាង។ បច្ចុប្បន្ន លោកស្រីជាព្រឹទ្ធបុរសរងនៅមហាវិទ្យាល័យនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

វត្តមានរបស់លោកទាំង៤ នឹងធ្វើឱ្យកម្មវិធីមានភាពរំជើបរំជួល ព្រមទាំងមានភាពកក់ក្តៅ ជាពិសេសបេក្ខជន បេក្ខនារីនឹងបានឆ្លងកាត់ការបង្វឹក និងការណែនាំដ៏យកចិត្តទុកដាក់របស់លោកផងដែរ។ សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍ចូលប្រកួត លក្ខន្តិកៈងាយស្រួលណាស់ ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។ ការទទួលពាក្យចូលរួមប្រកួត និងវីដេអូ ចាប់ពីថ្ងៃទី២៥ ខែកក្កដា តទៅ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។
ជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល៕


