ប្រណាំងកង់៖ កីឡាការិនីហូឡង់ Lorena Wiebes បានប្រជែងឈ្នះដំណាក់កាលទី៥ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ផ្នែកនារីនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ស្របពេលដែលកីឡាការិនី Marianne Vos បន្តនាំមុខគេរួមដដែល។

ដំណាក់កាលទី៥ ដែលមានចម្ងាយផ្លូវ ១៧៥.៦គីឡូម៉ែត្រ កីឡាការិនីដែលជិះឱ្យក្រុមប្រណាំង Team DSM, Lorena Wiebes បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣២នាទី ១៦វិនាទីតាមពីក្រោយដោយកីឡាការិនីអ៊ីតាលី Elisa Balsamo និងលេខ៣ កីឡាការិនី Marianne Vos។ កីឡាការិនីហូឡង់ Marianne Vos នៅតែបន្តនាំមុខគេដដែលក្នុងតារាងវេលារួមបន្ទាប់ពីការប្រកួតចំនួន ៥ដំណាក់កាលកន្លងទៅនេះដោយមានវេលាសរុបតិចជាងគេអ្នកលេខ២ កីឡាការិនីអ៊ីតាលី Silvia Persico ២០វិនាទី និងអ្នកលេខ៣ កីឡាការិនីប៉ូឡូញ Katarzyna Niewiadoma យឺតជាង ២០វិនាទីដូចគ្នា។ ការប្រកួតផ្នែកនារី Tour de France មានត្រឹម ៨ដំណាក់កាលប៉ុណ្ណោះដែលនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ ខណៈដំណាក់កាលទី៦ ថ្ងៃសុក្រនេះមានចម្ងាយផ្លូវ ១២៩.២គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំតូចៗ៕
អត្ថបទ៖នាង សុភាវុធ