ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងអាកាស បានលើកឡើងថា ទោះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព ប៉ុន្តែនៅបន្តបំប៉នអប់រំចិត្តសាស្ត្រដល់បណ្ដាកងទ័ព ដើម្បី អនុវត្តការងារដោយឥតងាករេ ។
ក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ ២០២២ នាបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅថ្ងៃទី២៩ ខែកក្កដា នេះ ឧត្តមសេនីយ៍ឯក គង់ មុនី បានបញ្ជាក់ថា ការអប់រំចិត្តសាស្ត្រ គឺមានសារសំខាន់ណាស់សម្រាប់កងទ័ព មិនថាស្ថិតក្នុងកងកម្លាំងណា នោះទេត្រូវតែបណ្ដុះបណ្ដាលបំប៉នជានិច្ច ដើម្បីឲ្យពួកគេមានភាពស្មោះត្រង់ចំពោះប្រទេសជាតិ ។
ឧត្តមសេនីយ៍ឯក បានបន្តថា កងទ័ព ត្រូវតែមានឆន្ទៈស្រួចស្រាវ ក្នុងការប្រយុទ្ធ ទោះជាក្នុងពេល មានសង្គ្រាមក៏ដោយ និងក្នុងពេលមានសន្តិភាព គឺត្រូវមានភាពច្បាស់លាស់ ក្នុងការការពារបូរណភាព ដែនដីដែលនេះជាការកំណត់ជោគវាសនារបស់ជ័យជម្នះនៃប្រទេសជាតិ ។
ឧត្តមសេនីយ៍ឯក គង់ មុនី បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងបរិបទនយោបាយរបស់ប្រទេស ជាតិ និងពិភពលោក ដែលមានការវិវឌ្ឍឥតឈប់ឈរ ទាំងវិជ្ជមាន និងអវិជ្ជមាន តម្រូវគ្រូបង្គោលចិត្ត សាស្ត្ររបស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ធ្វើការស្រាវជ្រាវបន្ថែមឲ្យបានស៊ីជម្រៅ និងរស់រវើក ចាត់តាំងផ្សព្វផ្សាយឲ្យបានជាបន្ទាន់នូវរាល់ឯកសារ ដែលទាក់ទងទៅ នឹងសភាពការណ៍ជាក់ស្ដែង ដោយចាត់ទុកជាអាទិភាព ពិសេសរាល់ឯកសារ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សំខាន់ៗ ដែលកំពុងកើត ហៀបនឹងកើត ឬអាចនឹងកើតឡើងនៅពេលខាងមុខ ។
មេបញ្ជាការរងកងទ័ពជើងអាកាស បានសង្កត់ធ្ងន់ថា គ្រូបង្គោល ត្រូវយកចិត្តទុកដាក់ពង្រឹងរចនា សម្ព័ន្ធចាត់តាំងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយរៀនសូត្រ តាមគ្រប់រូបភាព គ្រប់វិធីសាស្ត្រ និង ឲ្យបានជាប្រចាំ តាមដានឲ្យបានជាប់ជាប្រចាំនូវការប្រែប្រួលផ្នែកសតិអារម្មណ៍របស់កងទ័ព និងសហការ ដោះស្រាយរាល់ភាពអវិជ្ជមានឲ្យបានទាន់ពេលវេលា មិនត្រូវអត់ឱនក្រុម ឬបក្សណាមានបំណង់ចង់ផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ មានសាមគ្គីផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ដាស់តឿនមន្ត្រីក្រោមឱវាទ ។
វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ២០២២ នាបញ្ជា ការដ្ឋានកងទ័ពជើងអាកាស មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែកក្កដា នេះ ដែលមានគ្រូ បង្គោល និងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ ចំនួន៦៨នាក់ នាយសេនាធិការរង ស្នងការរង ថ្នាក់ដឹកនាំស្ថា ប័ន និងនាយទាហានជាន់ខ្ពស់ ចំនួន៩៨នាក់ ចូលរួមវគ្គនេះ ៕ អត្ថបទ៖ បាន សុខរិទ្ធិ