ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន ចំនួន១១ក្រុមហ៊ុន បានដាក់សំណើរទៅរដ្ឋលេខាធិការដ្ឋា អាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីបើកជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ខែកក្កដានេះ ថា ក្រុមហ៊ុនអាកាសចរណ៍ប្រទេសចិនចំនួន១១ ក្រុមហ៊ុន ដែលបានដាក់ពាក្យ ស្នើសុំបើកជើងហោះហើរត្រង់កម្ពុជានោះ នឹងចាប់ផ្តើមដំណើរការ ពីខែតុលា ឆ្នាំ២០២២ នេះតទៅ។
ឯកឧត្តម ជា អូន បានធ្វើការសន្និដ្ឋានថា សម្រាប់ការដាក់សំណើរបើកជើងហោះហើរត្រង់ចិនមកកម្ពុជា អាចទំនងមកពីប្រទេសចិន មានការបន្ធូបន្ថយការអនុវត្តគោលនយោបាយសូន្យកូវីដ ឬ Zero Covid នៅក្នុងប្រទេសចិន ។
ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំង១១ ដែលដាក់សំណើរបើកជើងហោះហើរមកកម្ពុជានោះ គឺមានក្រុមហ៊ុនដាក់សំណើរហោះមករាជធានីភ្នំពេញ មាន១១ក្រុមហ៊ុន ហោះទៅខេត្តសៀមរាប ៣ក្រុមហ៊ុន និងហោះទៅខេត្តព្រះសីហនុមាន៣ក្រុមហ៊ុន។
ឯកឧត្តម ជា អូន បន្តថា នៅក្នុងតារាងកម្មវិធីហោះហើរពីបណ្តាប្រទេសនានាមកកាន់កម្ពុជា ដែលបាននិងកំពុងអនុវត្តរយៈពេលជិត៥ខែមកនេះ គឺមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ បានដាក់សំណើរបើកជើងហោះហើរបន្ថែមមានចំនួន៧១ ២៣០ជើង ហើយចំនួននេះ រំពឹងថា កើនឡើង៦៨% បើប្រៀបធៀបជើងហោះហើរឆ្នាំ២០១៩ ដែលមានប្រមាណ ១០ម៉ឺន៤ ៧៧០ជើង។
ឯកឧត្តម បន្តថា នៅក្នុងខែមិថុនាចុងក្រោយនេះ មានអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាតាមផ្លូវអាកាសជាង ១៩ម៉ឺននាក់ និងមានយន្តហោះចតប្រមាណ ២៦%នៃចំនួនការចុះចតសរុបឆ្នាំ២០១៩ និងមានយន្តហោះ ហោះរំលងប្រទេសកម្ពុជា មានប្រមាណ៧០% ធៀបនឹងឆ្នាំ២០១៩ ដូចគ្នា៕អត្ថបទ ស៊ុម សុខជា